(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គសង្រ្កាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ លោក សុខ សប្បាយណា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហាញអំពីកម្មវិធីផ្សេងៗជាច្រើន ដែលនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំក្រោយនេះ។

បើតាមលោក សុខ សប្បាយណា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងត្រូវរៀបចំសារជាថ្មីជាផ្លូវការនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីនៃពិភពលោក។

លោកបានបន្ដទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមបំផុសគំនិតស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សា កេរមរតកនេះឲ្យបានគង់វង្ស ក៏ដូចជាបំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ បាវចនាជាតិ ដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ។

លើសពីនោះថែមទៀត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ជាការផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ តាំងបង្ហាញ និងលក់ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្មនានា ដើម្បីចូលរួមចំណែកលើកស្ទួយ និងជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែលអាចចាត់ទុកបានថា ជាមាសបៃតងរបស់កម្ពុជា និងជាពិសេសការចងចាំនូវភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានដក់ជាប់ក្នុងស្មារតីនៃមហាគ្រួសារខ្មែរគ្មានថ្ងៃបំភ្លេចបាន។

លោក សុខ សប្បាយណាា បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះ នឹងមានលក្ខណៈកាន់តែ លេចធ្លោ កាន់តែធំជាងបណ្ដាឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗ នៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នាដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន៦ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨)។

លោក សុខ សប្បាយណា បានបង្ហាញនូវអ្វីដែលជាកម្មវិធីសំខាន់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣រួមមាន៖

*ទី១៖ ទិដ្ឋភាពរួមអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងការរំលឹកអនុស្សាវរីយ៍
- កម្មវិធីអន្សមយក្ស
- ការដាក់តាំងបង្ហាញវត្ថុយក្សឡើងវិញទាំងអស់
- ការជួបជុំតួអង្គនិមិត្ដរូបអង្គរសង្ក្រាន្ដគ្រប់ឆ្នាំ
- ការនាំមកវិញនូវម្ហូបអនុស្សាវរីយ៍ទសវត្សរ៍៩០

*ទី២៖ កម្មវិធីថ្មី
- កម្មវិធីសួនមុនីហទ័យ (ពិព័រណ៌ម្ហូប)
- កម្មវិធីពិព័រណ៌សង្ក្រាន្ដ
- កម្មវិធីសួនកុមារ
- កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ ២០២៣
- កម្មវិធីបំបែកឯតទគ្គកម្មពិភពលោក (មានពីរ)
- ពិធីសមាធិ
- កម្មវិធីផ្សារស្ទឹងសៀមរាប (កម្មវិធីអុំទូកកម្សាន្ដ កម្មវិធីពិព័រណ៌ និងកម្មវិធីប្រគុំតន្ដ្រីបណ្ដែតទឹក)

*ទី៣៖ កម្មវិធីមុនព្រឹត្តិការណ៍
- កម្មវិធីរត់ម៉ារ៉ាតុន
- កម្មវិធីជិះកង់កម្សាន្ដ
- កម្មវិធីប្រគុំតន្ដ្រីផ្សព្វផ្សាយ SEA Game ២០២៣

*ទី៤៖ ការរចនាបថ និងការតុបតែង
- រចនាបថថ្មី

*ទី៥៖ ការបង្កើនអារម្មណ៍ នៃពិធីបុណ្យសម្រាប់ព្រឹត្តិការណ៍
- ការសម្ដែងសៀកតាមដងផ្លូវ
- ឆាកតន្ដ្រីខ្នាតតូចតាមដងផ្លូវ
- តូបឆត្រតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មធ្វើដោយដៃតាមដងផ្លូវ៕