(ភ្នំពេញ)៖​ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានឯកភាពគ្នា ក្នុងការធ្វើយ៉ាងណាជំរុញកំណើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ស្របតាមការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដោយចង់ឲ្យទំហំពាណិជ្ជកម្មកើនឡើងដល់ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០ តាមរយៈការជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្ម តាមតំបន់ព្រំដែន បង្កើនចំនួនរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនជាដើម។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសថៃ បានបញ្ជាក់ថា ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីការបរទេសថៃ ភាគីទាំងពីរ ក៏បានរំលឹកពីការសំរេច របស់ប្រមុខរដ្ឋាភិបាលទាំងពីរ ក្នុងការបង្កើន៣ដង នូវទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា «ដើម្បីសំរេចគោលដៅនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្ម តាមតំបន់ព្រំដែន បង្កើនចំនួនរថយន្តដឹកទំនិញឆ្លងព្រំដែន តម្រូវបែបបទសំរាប់ទំនិញ ឆ្លងកាត់ឲ្យស្របតាមច្បាប់ និងនីតិវិធីនាំចេញ និងផ្លាស់ប្តូរបទពិសោធន៍ នៃសហប្រតិបត្តិការរវាងរដ្ឋ និងប្រជាជន»

យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ របស់​ស្ថានទូត​ថៃ​នៅ​កម្ពុជា បានឲ្យដឹងថា នៅរយៈពេល៤​ខែដើមឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានការធ្លាក់ចុះ។ ធ្លាក់ពីចំនួន ២០៤៩.១៦លានដុល្លារ ក្នុងឆ្នាំ២០១៥ មកនៅត្រឹមតែ ១៧៣៩.៦៦លានដុល្លារ នៅឆ្នាំ២០១៦នេះ ក្នុងនោះថៃនាំចូលមកកម្ពុជា មានចំនួន១,៣៨៩.៣៥លានដុល្លារ ខណៈកម្ពុជានាំចេញទៅថៃ មានចំនួន ៣៥០.៣១លានដុល្លារ។

សូមជម្រាបថា កាល​ពី​ឆ្នាំ ២០១៥ ទំហំ​ពាណិជ្ជកម្មរវាង ​កម្ពុជា-ថៃ​ សម្រេច​បានចំនួន៥,៦ពាន់​លាន​ដុល្លារ​កើន​ឡើង ១០ភាគរយ​ពី​ឆ្នាំ២០១៤។ ក្នុងនោះការ​នាំ​ចូល​ទំនិញ ​ពី​ថៃ​មក​កម្ពុជាមានទឹកប្រាក់រហូតដល់៤,៩ ពាន់​លាន​ដុល្លារ៕