(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រួមនឹងសមាជិក សមាជិកាគណៈកម្មាធិការ អាជ្ញាធរមូលដ្ឋាន និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត មកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ មានចំនួន ៦៦គ្រួសារ ក្នុងសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងនោះរងគ្រោះធ្ងន់ធ្ងរមានចំនួន២៤គ្រួសារ ដោយហេតុការណ៍មិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស និងរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្នុងឱកាសជួបសំណេះសំណាលលោកស្រី ប្រធានគណៈកម្មាធិការ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយសម្តេចមិនបណ្តោយឲ្យ បងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយមិនបានជួយសង្រ្គោះឡើយ គឺសុខទុក្ខរបស់ពុកម៉ែបងប្អូន ក៏ដូចសុខ និងទុក្ខ របស់សម្តេចដែរ។

លោកស្រីបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចង្អុលបង្ហាញពីសម្តេចប្រធាន គឺត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ត្រូវត្រៀបលក្ខណៈជាស្រេច ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា គ្រប់ហេតុការណ៍ និងគ្រប់ទីកន្លែង ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការ សាសនា និងនយោបាយឡើយ។

លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុ បើមានហេតុការណ៍អ្វីកើតឡើង​ ចំពោះក្រុមគ្រួសារសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មានមេភូមិ លោកមេឃុំ ចៅសង្កាត់ ឬអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលឋិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីបានកាកបាទក្រហម ជួយដល់បងប្អូន ឆាប់រហ័ស និងទាន់ពេលវេលា។

លោកស្រីក៏សូមថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។

អំណោយនាពេលនេះក្នុងមួយគ្រួសារៗទទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ១ឡូរ៍ ប្រេងឆា ០១ដប អំបិល ០១គីឡូក្រាម ឃីត ០១កញ្ចប់ មាន មុង១ ភួយ១ និងក្រម៉ា១ ទឹកសុទ្ធដបធំ ១កេស ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២៤គ្រួសារ ទទួលបានបន្ថែមមួយគ្រួសារៗ តង់ធំម្នាក់មួយ ព្រមទាំងថវិការបស់ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា មួយគ្រួសារៗ ៥០,០០០រៀល ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ មួយគ្រួសារៗ ១០០,០០០រៀល ផងដែរ ដើម្បីជួយរំលែកការលំបាកជូនពុកម៉ែបងប្អូន៕