(ភ្នំពេញ)៖ សង្ស័យស្រីប្រុស២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីសង្ស័យឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់ ដែលជនសង្ស័យទើបតែទិញ ដើម្បីយកទៅប្រើប្រាស់។ ការឃាត់ខ្លួននេះធ្វើឡើងនាម៉ោង១២៖៤០នាទីយប់ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវ៩០៧ កែងផ្លូវ៦២R ស្ថិតក្នុងក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុខពេលកើតហេតុការណ៍ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានយាមល្បាត និងសហការជាមួយកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែក៏បានប្រទះឃើញ ជនសង្ស័យប្រុស ស្រី២នាក់ដែលជិះម៉ូតូឌុបមកឈប់នៅចំណុចខាងលើ ទើបមានការសង្ស័យក៏ឃាត់ខ្លួន ស្រាប់តែឆែកឆេរឃើញថ្នាំញៀន២កញ្ចប់ ប្រភេទម៉ាទឹកកក ដែលជនទាំង២នាក់នេះ បានរក្សាទុក​ក្នុងខ្លួនដើម្បី​យកទៅប្រើប្រាស់។ សមត្ថកិច្ចដដែរ បញ្ជាក់ថា ជនត្រូវសង្ស័យដែលឃាត់ខ្លួនបានទី១ឈ្មោះ អ៊ូរ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបររត់តុការ និងម្នាក់ទៀតស្រីឈ្មោះ ស្រី កញ្ញា អាយុ៣០ឆ្នាំ មានមុខរបរនៅផ្ទះ ។ បច្ចប្បន្ន ជនត្រូវសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សី ដើម្បីចាត់ការតាមនីតិវិធី៕