(ភ្នំពេញ)៖ ស្រ្តីយោធានៅក្រសួងការពារជាតិពាក់ស័ក្តិ៣ម្នាក់ ត្រូវជនមិនស្គាល់មុខ យកកាំបិតចុងស្រួចចាក់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង។ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមាឌធំ អាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ ទៅលើស្ត្រីរងគ្រោះ ពីក្រោយបណ្តាលឲ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

នៅកន្លែងកើតហេតុសមត្ថកិច្ចសង្ស័យថា ករណីនេះជាករណីគំនុំ ដែលមកដល់ពេលនេះ កំពុងស្រាវជ្រាវរកមុខជនសង្ស័យ ចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យបាន។

ស្រ្តីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងជំនាញ បាននិងកំពុង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបង្ក ហើយលោកថា នេះជាករណីគំនុំុ៕