(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ជនជាតិចិន៩នាក់ ដោយបានមានចូលមក​ធ្វើការខុស​ច្បាប់ នៅក្នុងការដ្ឋាន​សំណង់ City Park។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោយពីមានកិច្ចសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការ​សម្របសម្រួល​ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក បានចុះត្រួតពិនិត្យ​ការដ្ឋានសំណង់​មួយ​កន្លែងឈ្មោះ City Park មានទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ៣៥២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយមានរកឃើញជនជាតិចិន១៩នាក់ ក្នុងនោះ១០នាក់​មានលិខិតឆ្លងដែន​ត្រឹមត្រូវ និង៩នាក់អត់មានលិខិតឆ្លងដែន។

ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិចិន៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បីធ្វើការ​សាកសួរ និងចាត់ការតាម​នីតិវិធី៕