(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូក្រសួង ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ថេង ប៊ុនម៉ា នៅភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់ ក្រោយសណ្ឋាគារអ៊ីនធើខន។

ក្នុងនោះដែរ ឧបនាយករដ្ឋមន្ដ្រី ក៏សូមរំលែកទុក្ខជាមួយគ្រួសារអ្នកឧកញ៉ា និងឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធ របស់អ្នកឧកញ៉ា ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលជាសេដ្ឋី និងជាក្រុមហ៊ុន បើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាព នៅវេលាម៉ោង១២៖៤៥នាទីយប់ រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ៕