(កំពត)៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពតល្ងាច ថ្ងៃទី២០ ខែមិថុនា នេះថា មន្ត្រីយោធាយោធភូមិភាគទី៣ ពាក់ស័ក្តិ៤ ដែលរកសុីដឹកឈើបណ្តាលឲ្យបាក់ស្ពាននៅស្រុកឈូក ខេត្តកំពតនោះ ត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយនៅរសៀល ថ្ងៃនេះ។

លោកព្រះរាជអាជ្ញា បានបញ្ជាក់អះអាងថា «តុលាការនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ទោះបីមានការអន្តរាគមន៍ និងការធានាឲ្យនៅក្រៅឃុំ ឬឲ្យរួចខ្លួន ក៏ដោយចុះ»

 សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤ នៅអង្គភាពយោធភូមិភាគទី៣ ដែលឈរជើងនៅក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ រកសុីដឹកឈើ ដោយដឹកតាមរថយន្តធន់ធ្ងន់ បណ្តាលឲ្យបាក់ស្ពានដែក ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

មន្រ្តីយោធារូបនេះ ត្រូវបានត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង​(អ.ហ)ខេត្ត​កំពត ចាប់ឃាត់ខ្លួនបាន នៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។

 ជននេះមាន ឈ្មោះ ជឿន ថេន គឺជាម្ចាស់រថយន្តដឹកឈើពាក់ព័ន្ធខាងលើ រថយន្ត យីឌុប ម៉ាក(FUSO)ពាក់ស្លាកលេខ តាកែវ 3A-1187 ដឹកឈើបណ្តាលឲ្យបាក់ស្ពាន កាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦៕