(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានរួមគ្នាបង្កើតសិក្ខាសាលាមួយ ស្តីពីគោលការណ៍សំខាន់ៗ នៃកិច្ចព្រមព្រៀង ស្តីពីការ​ចៀស​វាង ការយកពន្ធត្រួតគ្នារវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ ដែលរៀបចំឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងឱកាសនោះថា នេះជាលើកទី១ ដែលមានកិច្ចសហការ រវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដ៏មានសារៈ​សំខាន់នេះ ក្រោមការណែនាំ របស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាត្រូវការកិច្ចព្រមព្រៀងនេះ ជាចាំចាប់ដោយសារតែកម្ពុជា ពុំអាចពឹងផ្អែកតែលើអ្នកវិនិយោគ ក្នុងស្រុកទាំងស្រុងនោះទេ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញលំហូរ វិនិយោគផ្ទាល់ពីបរទេស ជាពិសេសក្នុងបរិបទ នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះដែរ លោក គង់ វិបុល បញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់ប្រទេសជាហត្ថលេខី ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លុបបំបាត់​ភាពមិនច្បាស់លាស់ ក្នុងាករកំណត់សិទ្ធិយកពន្ធ កំណើនមូលដ្ឋានពន្ធតាមរយៈ ការទាក់ទាញ់វិនិយោគដោយផ្ទាល់ លំហូរមូលធនការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារ​និវាសនជន​ពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើគេចវេសពន្ធ។

លោកអគ្គនាយកបន្តថា ម្យ៉ាងវិញទៀត ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ រវាងកម្ពុជា និងប្រទេសជាដៃគូ ធ្វើឡើងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងដើម្បីបំពេញ​កាតព្វកិច្ចក្រោម​ក្របខណ្ឌអាស៊ាន៕