(កោះកុង)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៑ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមលោកគ្រូពេទ្យអ្នកគ្រូពេទ្យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានចុះសួរសុខទក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តនិងពិនិត្យបន្ទប់សម្រាកព្យាបាលអ្នកជំងឺ រួមទាំងសម្ភារៈបរិក្ខាពេទ្យ និងហេដ្ឋរចនាសម្ព័ន្ធសោភ័ណភាពបរិវេនមន្ទីរពេទ្យផងដែរ។

លោកវេជ្ជបណ្ឌិត ម៉ម ប៑ុនហេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមលោកគ្រូពេទ្យបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្កើននៅហេដ្ឋរចនាសម្ព័ន្ធបានល្អមានផាសុកភាព និងអនាម័យខ្ពស់ដើម្បីសុខភាពអ្នកជំងឺ និងប្រជាពលរដ្ឋដោយនិរន្តរភាព។

ទន្ទឹងនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរដល់ក្រុមលោកគ្រូអ្នកគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងពិនិត្យ និងព្យាបាលអ្នកជំងឺដែលចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ប្រកបដោយវិជ្ជាជីវ:។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមលោកគ្រូពេទ្យត្រូវខិតខំបន្ថែមទៀត ដើម្បីផ្តល់សេវាកម្មសាធារណៈបម្រើប្រជាពលរដ្ឋឲ្យទូលំទូលាយដើម្បីឲ្យពួកគាត់មានទំនុកចិត្តជឿជាក់លើវិស័យសុខាភិបាលកម្ពុជាយើងមិនបាច់ចេញទៅព្យាបាលក្រៅប្រទេស។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានមានប្រសាសន៍ថា ដើម្បីអនុវត្តឲ្យស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនិងប្រកបដោយទំនួចខុសត្រូវចំពោះសុខភាពសេវាសាធារណៈក្រុមលោកគ្រូអ្នកគ្រូពេទ្យខិតខំប្រឹងប្រែងយកចិត្តក្នុងការព្យាបាលអ្នកជំងឺដែលចូលមកសម្រាកព្យាបាលឲ្យអស់ពីសមត្ថភាពដោយមិនគិតពីភាពនឿយហត់ និងប្រដោយក្រមសិលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរជាគ្រូពេទ្យនិងពង្រឹងគុណភាពលើវិស័យសុខាភិបាលក្នុងខេត្តឲ្យកាន់រីកចំរើនបន្ថែមទៀត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។

លោក វេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបន្ទប់សង្រ្គោះបន្ទាន់ និងថែទាំសុខភាពទារកទើបនឹងកើតមិនគ្រប់ខែ មិនគ្រប់គីឡូ ឆ្លងមេរោគ មានសញ្ញាលឿងលើស្បែក បន្ទប់ថែទាំទារកបានបំពាក់សម្ភារៈបរិក្ខាពេទ្យបែបទំនើប រួមទាំងក្រុមលោកគ្រូពេទ្យជំនាញប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈខ្ពស់ សម្ភារៈបរិក្ខាដ៍ទំនើបនេះគឺក្រោមការជំនួយពីអង្គការ(KOFHI)តាមរយៈក្រសួងសុខាភិបាល៕