(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន CP ក្នុងការផលិតថាមពលស្អាតនៅកម្ពុជា។ សម្តេចតេជោ បានជំរុញឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបំណងនេះ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ថានីន ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) ចូលជួបសំដែងការគួរសម និងដើម្បីស្វែងរក និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។

ក្នុងឱកាសនោះលោក ថានីន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសសម្តេចបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះវិនិយោគិនទាំងអស់ ដែលកំពុងបណ្តាក់ទុន និងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។

លោក ថានីន ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនរបស់លោក គាំទ្រយ៉ាងពេញទំហឹងជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។

ក្នុងជំនួបសំដែងការគួរសមនោះ លោក ថានីន ក៏បានជំរាបសម្តេចតេជោពីគោលបំណងរបស់ក្រុមហ៊ុនលោក និងក្រុមហ៊ុន Soma Group ពីការផលិតថាមពលស្អាត ដោយមានគោលបំណងជំរុញគោលដៅរបស់ប្រទេសកម្ពុជា ស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។

លោក ថានីន បន្តថា CP Group នឹងស្វែងរកឱកាសសម្រាប់គម្រោងវារីអគ្គិសនី និងថាមពលស្អាតផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

ដោយឡែកលើ អាជីវកម្មកសិ-ម្ហូបអាហាររួមបញ្ចូលគ្នា ក្រុមហ៊ុន CP Group ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវតម្លៃនៃវិស័យចំណីសត្វ កសិដ្ឋាន និងម្ហូបអាហារ នៅកម្ពុជា តាមរយៈការចែករំលែកជំនាញ និងបង្កើតការងារដល់ប្រជាជនកម្ពុជា។

ដើម្បីសម្រេចបានចំណុចនេះ ក្រុមហ៊ុនផ្តោតលើការកែលម្អហ្សែនដំណាំ ដើម្បីបង្កើនទិន្នផលស្រូវ ពោត សណ្តែកសៀង និងលើការកែច្នៃដំណាំទាំងនេះ ទៅជាផលិតផលម្ហូបអាហារដែលមានតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ ដែលស្របតាមស្តង់ដារអន្តរជាតិសម្រាប់គុណភាពម្ហូបអាហារ សុវត្ថិភាព និងអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើកាផលិតថាមពលស្អាតនៅកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនទាំងពីរ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឱ្យដំណើរការប្រកប ដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់៕