(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ បានដាស់តឿនដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋានត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល។

លោក ឃឹង នុភាព បានលើកឡើងបែបនេះពិធីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោកបានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានត្រូវពង្រឹងការងារ និងបង្កើននូវធនធានមនុស្សឲ្យតែមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។

លោកបន្តថា ដំណាក់កាលនេះជាពេលដែលត្រូវវះកាត់រាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីប្រជាពលរដ្ឋើយប្រើកល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង តាមស្ថានភាពជាក់ស្ដែងដែលព្រួយបារម្ភខ្លាំង ចំពោះពលរដ្ឋនោះគឺបញ្ហាដីធ្លីមួយចំនួនដែលមានផលលំបាកដល់ពួកគាត់ ដែលមិនអាចអាស្រ័យផលបាននោះឡើយ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវតែសហការជាមួយជំនាញចុះពង្រឹង ហើយសិក្សាពីតំបន់ដែលជួបបញ្ហានោះសូមជួយដោះស្រាយជូនពួកគាត់ឲ្យបានលឿនបំផុត។

លោកបន្ថែមថា ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសអ្នកអនុវត្តផ្ទាល់នៅតាមភូមិឃុំសង្កាត់ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានច្បាស់លាស់ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងចាត់វិធានការក្តៅនិងមានមិនមានការលើកលែងឡើយចំពោះមន្ត្រីមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំភូមិឃុំដែលបន្លំឃុបឃិតដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដក្នុងគោលបំណងទទួលបានសាច់ប្រាក់ឧបត្ថម្ភពីកម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ពិសេសសម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ គឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង៕