(ភ្នំពេញ)៖ នៅព្រឹកនាថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់អ្នកកាសែត​កម្ពជាចំនួន១០រូប នៅលើទឹកដីវៀតណាម​ភាគខាងត្បូង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានមន្ត្រីក្រ​សួងព័ត៌​មាន​វៀតណាម ដែលជាភាគីម្ចាស់ផ្ទះ​អញ្ជើញទៅ​ទស្សនាវិមាន​អនុស្សាវរីយ៍​សង្គ្រាម ដែលអតីតគឺជាវិមានរដ្ឋាភិបាល​វៀតណាម​ខាងត្បូង​​ចុងក្រោយគេ មុននឹង​រដ្ឋាភិបាលវៀតណាម​​ខាងជើង​ ផ្ដួលរំលំដោយចុង​កាំភ្លើងនៅឆ្នាំ១៩៧៥ រួមទាំងសារមន្ទីរ​សង្គ្រាម​ផងដែរ។

ក្រៅពីទស្សនានូវទីតាំងប្រវត្តិសាស្ត្រទាំងពីរកន្លែងខាងលើ អ្នកសារព័ត៌មាន​កម្ពុជាដឹកនាំដោយ​លោក ហាស់ សំអាត ទីប្រឹក្សាក្រសួង​ព័ត៌មាន និងជាអគ្គនាយក​រងរដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយលោក​យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួង​ព័ត៌មាន ក៏បានអញ្ជើញទៅទស្សន​កិច្ចដកស្រង់​បទពិសោធន៏ការងារ និងផ្លាស់ប្ដូរព័ត៌មាន​គ្នាទៅវិញទៅ​មកជាមួយអង្គភាព​កាសែតចំនួនពីរអង្គភាព​​ប្រចាំទីក្រុងហូជីមិញ គឺកាសែតនារីទី​ក្រុងហូជីមិញ និងកាសែតយុវជនវៀតណាម ដែលជាកាសែតដ៏ធំមួយស្ថិត​ក្នុងចំណោមកាសែតធំៗ​របស់វៀតណាម។

សូមបញ្ជាក់ថា តបតាមកិច្ចព្រមព្រៀង​រវាងក្រសួង​ព័ត៌មានកម្ពុជា និងក្រសួងព័ត៌​មានវៀតណាម គឺប្រទេសទាំងពីរបានឯកភាពគ្នា​​ ធ្វើការផ្លាស់ប្ដូរដំណើរ​ទស្សកិច្ច​អ្នកសារព័ត៌មាន​គ្នា​ទៅវិញទៅមក​ជារៀងរាល់ឆ្នាំ ដើម្បីអោយមានការផ្លាស់​​ប្ដូរបទពិសោធន៏ ផ្នែកព័ត៌មានគ្នាទៅវិញទៅមក។

អ្នកសារព័ត៌មានកម្ពុជាចំនួន១០រូប ដែល​ចាត់តាំងដោយក្រសួង​ព័ត៌មាន មកពីស្ថាប័នរដ្ឋ៦រូប និងឯកជន៤រូប​ត្រូវបានអញ្ជើញ​ទៅបំពេញទស្សនកិច្ច​នៅប្រទេសវៀតណាម រយៈ​ពេល១០ថ្ងៃសំរាប់ឆ្នាំ​២០១៦នេះ ដោយក្នុងនោះក៏​​មានអង្គភាព​ព័ត៌មាន Fresh News មួយរូបផងដែរ៕