(ភ្នំពេញ)៖ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីធ្វើជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ដោយចំណុចសំខាន់នោះ គឺសម្តេចតេជោ ឲ្យរួមគ្នាប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន។

តាមរយៈសារលិខិតដែលបានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន»

វេទិកានិពន្ធនាយកសារព័ត៌មាន លើកទី១៩ មានចាងហ្វាង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំសារព័ត៌មានជិត ១០០នាក់ មកពី ៦០ស្ថាប័ន ចូលរួមពិភាក្សា ដើម្បីឈានដល់ការអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពី «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

បើតាមសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់អនុសាសន៍ បណ្ដុះបណ្ដាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មាននៅកម្ពុជាមានសមត្ថភាពដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន។ សម្តេចតេជោ ក៏ឲ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គម ដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់សង្គម។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ឲ្យផ្សព្វផ្សាយដំណើរឆ្ពោះ ទៅព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន៕