(ប៉េកាំង)៖ ព្យុះកំណាចដែលពាំនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារបណ្តាខេត្តមួយចំនួន ស្ថិនៅភាគ ខាងត្បូងប្រទេសចិន កាលពីថ្ងៃចុងសប្តាហ៍មុននេះ បានបណ្តាលឲ្យមនុស្សសរុប ២២នាក់ស្លាប់ និង ១៥នាក់នាក់ទៀត បាត់ខ្លួន មិនទាន់ត្រូវបានរកឃើញនៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា បណ្តាខេត្តភាគខាងត្បូងចិន បានទទួលរងការវាយប្រហារដោយព្យុះភ្លៀង រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយបានបណ្តាលឲ្យទឹកទន្លេក្នុងតំបន់ កើនឡើងកម្ពស់លើសកម្រិតប្រកាសអាសន្ន និងនាំឲ្យមនុស្ស ២៦៧,០០០នាក់ ភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ដោយឡែកលំនៅឋានប្រមាណ ១០,៥០០ខ្នងបានដួលរលំ ខណៈផលដំណាំនានាលើផ្ទៃដី ៣២៤,០០០ ហិកតាត្រូវទឹកជន់លិចអស់។

តាមរយៈរដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ការខូចខាតខាងលើនេះ យ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់ទឹកប្រាក់ ១,១២ ពាន់លានដុល្លារអាមេរិកដែរ៕