(ភ្នំពេញ)៖ កម្ពុជាទទួលបានភាពជោគជ័យយ៉ាងយ៉ាងធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា។

មហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរនេះ មានប្រតិភូជាសមាជិកចូលរួមសរុបប្រមាណ១៣០នាក់ មកពីប្រទេសចំនួន២១ តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ ដែលភាគច្រើនជាអភិបាលក្រុង មេស្ថាប័នទទួលបន្ទុកកិចការតំបន់ឆ្នេរសមុទ្រ ថ្នាក់ដឹកនាំធំៗ ហើយក៏មានបវរកញ្ញា១រូបមកពីប្រទេសអង់ហ្គោឡាផងដែរ។

ជាការកត់សម្គាល់របស់លោក ប្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មហាសន្និបាតក្លឹបឆ្នេរលើកទី១៦ ដែលរៀបចំឡើងនៅកម្ពុជានេះ គឺជាប្រវត្តិសាស្ត្រដែលទទួលបានប្រតិភូសមាជិកចូលរួមច្រើនដូច្នេះ ដោយហេតុថា មហាសន្និបាតកន្លងមក គឺមានត្រឹមតែ២៥-៣០ឆ្នេរប៉ុណ្ណោះ។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ និងជាអគ្គនាយករងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងការមកចូលរួមមហាសន្និបាតនៅកម្ពុជានេះ ប្រតិភូក្លឹបឆ្នេរបានមកដល់រាជធានីភ្នំពេញតាំងពីថ្ងៃទី៧ ខែធ្នូ ខ្លះមកដល់ថ្ងៃទី៨ ហើយបន្តដំណើរមកកាន់ខេត្តព្រះសីហនុនៅថ្ងៃទី៩ពេលព្រឹក។ តាំងពីការចុះចត និងស្នាក់នៅរាជធានីភ្នំពេញ រហូតដល់ការធ្វើដំណើរមកដល់ខេត្តព្រះសីហនុ ប្រតិភូទាំងអស់មានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា។

លោក ជុក ជំនោរ បានបន្តថា «ពួកគេមានការជឿទុកចិត្តលើកម្ពុជាក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ហើយមានការចាប់អារម្មណ៍លើកម្មវិធីដែលកម្ពុជារៀបចំក្នុងឱកាសមហាសន្និបាតរយៈពេល៥ទៅ៦ថ្ងៃ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២»

នៅរសៀលថ្ងៃទី៩ ខែធ្នូ បន្ទាប់ពីប្រតិភូក្លឹបឆ្នេរទាំង១៣០នាក់មកដល់ខេត្តព្រះសីហនុ ម្ចាស់ផ្ទះកម្ពុជា បាននាំពួកគេធ្វើទស្សនកិច្ចសិក្សានៅទីតាំងជាច្រើន ដូចជាដំណើរទស្សនកិច្ចទីក្រុងព្រះសីហនុ (Technical Tours) នៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅឆ្នេរសមុទ្រនានាក្នុងខេត្តព្រះសីហនុ នៅដើមឈើចាំស្នេហ៍ រូបសំណាក់ព្រះថោងនាងនាគ និងទស្សនាសម្រស់ទីក្រុងនាពេលរាត្រី។ ក្នុងដំណើរទស្សនកិច្ចសិក្សានាថ្ងៃទី៩ ខែធ្នូនោះ ប្រតិភូមានការកោតសរសើរចំពោះការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ពិសេស គឺចាប់អារម្មណ៍ការរៀបចំឱ្យមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដោយសាកសួរព័ត៌មានយ៉ាងច្រើនពីអ្នកឧទ្ទេសនាម និងទាក់ទងរកអាសយដ្ឋានក្រុមហ៊ុនសាងសង់ស្ថានីយនេះ ដើម្បីនាំទៅធ្វើនៅប្រទេសរបស់ពួកគេ។ ក្រៅពីនេះ ពួកគេក៏មានភាពសប្បាយរីករាយ ចំពោះការដើរទស្សនានៅឆ្នេរអូរឈើទាល ពយជំទាវម៉ៅ ឆ្នេរអូរត្រេះ ចាប់អារម្មណ៍ការថតរូបនៅដើមឈើចាំស្នេហ៍ ស្ញប់ស្ញែងនឹងរូបសំណាក់ព្រះថោងនាងនាគ ដែលបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ។

នៅថ្ងៃទី១០ ខែធ្នូ មុនពិធីបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកជាផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យតំណាងប្រតិភូក្លឹបឆ្នេរចូលជួបសម្ដែងការគួរសម ក៏ដូចជាផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធកិច្ចការតំបន់ឆ្នេរសមុទ្រ ហើយក៏ឈានដល់ពិធីបើកជាផ្លូវការមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារសុខា។ ពិធីបើកចប់ ក៏មានការពិភាក្សាផ្លាស់ប្ដូរមតិយោបល់គ្នាជាលក្ខណៈបច្ចេកទេសរវាងសមាជិកក្លិបឆ្នេរផងដែរ។ នៅល្ងាចថ្ងៃទី១០ដដែលនោះ ប្រតិភូក្លឹបឆ្នេរក៏បានចូលរួមក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយអ្នកចូលរួមរាប់ម៉ឺននាក់ទៀត។

នៅថ្ងៃទី១១ ខែធ្នូ ប្រតិភូក្លឹបឆ្នេរបានចូលរួមដាំដើមកោងកាងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅពេលរសៀលថ្ងៃដដែល ប្រតិភូក្លឹបឆ្នេរក៏បានចូលរួមសន្និសីទអន្តរជាតិមួយទៀតស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរ ដោយមានការចូលរួមពីវាគ្មិនជាច្រើននាក់ ដូចជាមកពីប្រេស៉ីល ម៉ាទីនិក បារាំង ហ្វីលីពីនជាដើម។

នៅថ្ងៃទី១២ ខែធ្នូ ប្រតិភូក្លឹបឆ្នេរ ក៏បានទៅទស្សនកិច្ចនៅតំបន់ព្រៃកោងកាង ខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងធំជាងគេនៅអាស៉ី ហើយក៏ជាផ្នែកមួយនៃសក្ដានុពលតំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ និងបន្តទៅទស្សនាកម្សាន្តនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ជាមួយការរៀបចំឱ្យមានសិក្ខាសាលាស្ដីពីការអភិរក្សព្រៃកោងកាងទៀតផង។

នៅថ្ងៃទី១៣ ខែធ្នូ មានការបោះឆ្នោត និងផ្ទេរតំណែងប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកបច្ចុប្បន្នទៅប្រធានអាណត្តិបន្ទាប់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ព្រមទាំងពិធីបិទមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) នៅសណ្ឋាគារឆ្នេរឯករាជ្យ ហើយក៏បានប្រគល់ទង់ពីកម្ពុជាទៅឱ្យកូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតលើកទី១៧នាឆ្នាំ២០២៣ នៅឆ្នេរសមុទ្រយ៉ូស៊ូ (Yeosu)។

នៅថ្ងៃទី១៤ ខែធ្នូ ប្រតិភូក្លឹបឆ្នេរខ្លះនឹងត្រឡប់ទៅមាតុភូមិវិញ រីឯខ្លះទៀតនៅបន្តដំណើរទៅលេងខេត្តសៀមរាប រាជធានីភ្នំពេញជាដើម។

លោក ជុក ជំនោរ បានគូសបញ្ជាក់ថា រាល់មហាសន្និបាតម្ដងៗ សមាជិក្លឹបឆ្នេរទាំងអស់ត្រូវរាយការណ៍បង្ហាញពីវឌ្ឍនភាពនៃការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ខ្លួនថាការអភិវឌ្ឍនោះទទួលបានអ្វីខ្លះ មានផលប៉ះពាល់អ្វីខ្លះ ដោះស្រាយយ៉ាងណាខ្លះ។ ប្រសិនបើគ្មានវឌ្ឍនភាពនោះទេ អង្គមហាសន្និបាត នឹងពិចារណាលើការព្យួរបេក្ខភាព ឬដកបេក្ខភាពឆ្នេរនោះចេញពីសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកតែម្ដងក៏មាន។

លោកថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មិនមែនគ្រាន់តែមកចូលរួមធ្វើមហាសន្និបាតហើយត្រូវត្រឡប់ទៅវិញនោះទេ តែជាបណ្ដុំនៃវេទិកាជាច្រើនដែលសមាជិកទាំងអស់អាចរៀនសូត្រពីអ្វីដែលថ្មីៗ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយពីគ្នាទៅវិញទៅមក។ សម្រាប់កម្ពុជា ក៏ចង់បង្ហាញអំពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ក៏ដូចជាផ្សព្វផ្សាយ ពីភាពស្រស់ស្អាត ទាក់ទាញនៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។ លោកអគ្គនាយកក្លឹប ប្រ៊ុយណូ បូដា គឺចង់ឱ្យសមាជិកទាំងអស់បានយល់ បានរៀន បានដឹងអំពីកម្ពុជា ហើយកម្ពុជាក៏អាចចែករំលែកទៅកាន់សមាជិកដទៃទៀតដែរ។

បើតាមលោក ជុក ជំនោរ «កម្ពុជារំពឹងថានឹងទទួលបាននូវការទទួលស្គាល់កម្រិតអន្តរជាតិ ដើម្បីឱ្យពិភពលោកឃើញថាយើងមានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួនប្រកបដោយភាពច្បាស់លាស់»

ក្រៅពីនេះ មហាសន្និបាតនេះក៏ជួយផ្សព្វផ្សាយពីសក្ដានុពលនៃឆ្នេរសមុទ្រកម្ពុជា វប្បធម៌ ប្រពៃណីរបស់កម្ពុជាទៅឱ្យពិភពលោកបានដឹង ហើយក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនឹងមានការផ្សព្វផ្សាយទៅតាមបណ្ដាញទាំងអស់របស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រតិភូដែលមកចូលរួមមហាសន្និបាតក្លឹបឆ្នេរ នឹងពាំនាំព័ត៌មាននៅកម្ពុជាទៅបង្ហាញជូនបន្តដល់ស្ថាប័នរបស់ខ្លួន នោះហើយគឺជាការទទួលស្គាល់កម្រិតអន្តរជាតិដែលកម្ពុជាចង់បានបំផុត។ នេះជាការបន្ថែមរបស់លោក ជុក ជំនោរ។

គួរជម្រាបថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៧ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទៅក្រុងវ៉ាន (Vannes Town) ប្រទេសបារាំង ដែលមានសមាជិកឆ្នេរសមុទ្រចំនួន ៤៤ឆ្នេរ នៅក្នុងប្រទេសចំនួន២៦ ក្នុងនោះកម្ពុជាបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនេះនៅឆ្នាំ២០១១។

លោក ជុក ជំនោរ ថា មានចំណុច២សំខាន់ដែលជំរុញឱ្យឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ទី១ គឺសម្រស់ធម្មជាតិរបស់ឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែងសរុប ៤៤០គីឡូម៉ែត្រ រួមទាំងតំបន់ឆ្នេរ តំបន់កោះ និងព្រៃកោងកាងដែលជាសក្ដានុពលរួម របស់ឆ្នេរសមុទ្រកម្ពុជា។ ទី២ គឺរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តលើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឈរលើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។

មួយឆ្នាំបន្ទាប់ពីការចូលជាសមាជិកក្លឹបឆ្នេរ ពោលគឺនៅឆ្នាំ២០១២ កម្ពុជាត្រូវបានតែងតាំងជាអនុប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកទទួលបន្ទុកតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដល់ទៅ២អាណត្តិជាប់គ្នា គឺនៅឆ្នាំ២០១២-២០១៥ និងឆ្នាំ២០១៥-២០១៨ និងទទួលបានតំណែងជាអគ្គនាយករងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក សម្រាប់អាណត្តិឆ្នាំ២០១៨-២០២១ និងដោយសារវិបត្តិកូវីដ១៩ ក៏ពន្យារពេលមកដល់ឆ្នាំ២០២២នេះទៀត។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរនេះម្ដងរួចមកហើយ នៅរមណីយដ្ឋានបូកគោ ភ្ជាប់ជាមួយបុណ្យសមុទ្រនៅខេត្តកែប។

ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កម្ពុជាបានបង្កើតគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដែលមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន និងមានថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័នជាសមាជិក។ ការបង្កើតយន្តការស្ថាប័នជាតិនេះ គឺបាននិងកំពុងទ្រទ្រង់នៃការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោក ជុក ជំនោរ បានបន្ថែមថា អត្ថប្រយោជន៍នៃការចូលជាសមាជិកក្លឹបឆ្នេរនេះ គឺបានជំរុញរំហូរភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ក៏ដូចជាគោលដៅតំបន់ឆ្នេរគួរឱ្យកត់សម្គាល់ លើកលែងតែក្នុងបរិបទកូវីដ១៩។ ចាប់ពីរាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធជាច្រើន និងការកសាងផ្លូវល្បឿនលឿនពីភ្នំពេញមកព្រះសីហនុ ឃើញថាកំណើនភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងមែនទែន និងការអភិវឌ្ឍសេដ្ឋកិច្ចក៏មានការកើនឡើងផងដែរ។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍក្រុងព្រះសីហនុ ជាការអភិវឌ្ឍដែលមានការគិតគូរទៅលើតំបន់ឆ្នេរសមុទ្រ ការអភិវឌ្ឍឆ្នេរកម្សាន្ត ការរៀបចំឱ្យមាននូវអាងចម្រុះទឹកកខ្វក់មុនបង្ហូរចូលសមុទ្រ ការរៀបចំនូវអត្តសញ្ញាណជាតិខ្មែរនៅខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក គឺបានគាំទ្រនូវការអភិវឌ្ឍតាមបែបកម្ពុជានេះ និងបើកចិត្តឱ្យកម្ពុជាផ្ដល់ការចែករំលែកទៅកាន់សមាជិកផ្សេងៗទៀត៕