(ភ្នំពេញ)៖ ក្រុមនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត ឬ AMT ជិត១០០នាក់ បានចុះធ្វើសកម្មភាពសង្គមមួយដ៏មានតម្លៃ គឺចូលរួមយុទ្ធនាការ ដាំដើមឈើក្រោមប្រធានបទ «សង្គមបៃតងសម្តេចតេជោ» នៅក្នុងខេត្តកណ្តាល កាលពីចុងសប្តាហ៍មុន។

យុទ្ធនាការដាំដើមឈើនេះ មានការចូលរួមពីសំណាក់ព្រះសង្ឃ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាច្រើនអង្គ-នាក់ផងដែរ។ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្ត ក្រុមការងារ និងនិស្សិតទាំងអស់ ចូលរួមធ្វើកិច្ចការសង្គមឱ្យកាន់តែសកម្មថែមទៀត និងប្រព្រឹត្តនូវអំពើល្អ ក្នុងរូបភាពជានិស្សិតសមាគម អ ម ត ឬ AMT ដែលជាអត្តសញ្ញាណ ដ៏មានតម្លៃរបស់ យើងទាំងអស់គ្នា។

ជាក់ស្តែង ក្រៅពីការងារ និងការសិក្សាក្រុមការងារ និងនិស្សិតសមាគម អ.ម.ត ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា បានលះបង់កម្លាំងកាយចិត្តពេលវេលា ព្រមទាំងថវិកាចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។ បន្ទាប់មកនិស្សិត (អ.ម.ត ឬAMT) បានចូលរួមដាំដើមឈើ ជាមួយព្រះសង្ឃ អជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រកបដោយបរិយាកាសស្និតស្នាល សប្បាយរីករាយនិងមោទនភាពផងដែរ។

លោក ពេញ ធារម្យ ប្រធានក្រុមការងារទី៨ នៃសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា យុទ្ធនាការនេះជាការចង្អុលបង្ហាញ និងណែនាំពីសំណាក់ លោក ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត ដែលជាសមាគមមួយ តែងតែចូលរួមសកម្មភាពសង្គម ដូចជា សហការពិនិត្យ និងព្យាបាលបងប្អូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាមួយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចូលរួមសម្អាតបរិស្ថាន ដាំកូនឈើបណ្តុះបណ្ដាលយុវជន និង សកម្មភាព ជាច្រើនទៀត។

លោកបានបន្តថា សកលលោកទាំងមូល បាននិងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមានពីការ ប្រែប្រួលអាកាសធាតុ បង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ការរីករាលដាលនៃជំងឺឆ្លង និងសត្វល្អិតចង្រៃ ដែលទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងការរស់នៅរបស់មនុស្សជាតិទូទៅ។

ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ ព្រៃឈើគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដោយហេតុថា ព្រៃឈើមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ច និងសង្គមកិច្ចដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យមានលំនឹងបរិស្ថាន ធ្វើឱ្យធាតុអាកាសមានភាពល្អប្រសើរ រក្សាបាននូវ និយ័តភាពប្រភពទឹក ការពារទីជម្រាល និងផ្ដល់ជម្រកសម្រាប់ជីវៈចម្រុះនានា។

លោក ពេញ ធារម្យ បានលើកទឹកចិត្ត ដល់អាជ្ញាធរមូលដ្ឋាន ឱ្យអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្ដចូលរួមសកម្មភាពដាំកូនឈើនេះ ជានិច្ចដើម្បីឱ្យវិស័យព្រៃឈើ កម្ពុជាកាន់តែប្រសើរឡើងថែមទៀត៕