(កែប)៖ លោកឧត្តមសេនីយត្រី អ៊ី សំអុល ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកវគ្គពង្រឹង សមត្ថភាពមន្ដ្រីបង្ការ-ពន្លត់អគ្គិភ័យ ដែលមានសិក្ខាកាម៤២នាក់ ដែលមានរយៈពេល១សប្ដាហ៍។

ក្នុងពិធីបើកវគ្គនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី ស្នងការរងនគរបាលខេត្ត មន្ដ្រីគ្រប់ជាន់ថ្នាក់ ប្រមាណ១១២នាក់ផងដែរ។ លោកឧត្តមសេនីយត្រី អ៊ី សំអុល បានបញ្ជាក់ថា «គោលបំណងរបស់អង្គភាព គឺត្រូវតែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នឹងត្រៀមសង្រ្គោះ ប្រជាជនគ្រប់ពេលវេលា ពេលមានការចាំបាច់ ហើយដើម្បីធ្វើការងារខាងលើឲ្យបានសំរេចលទ្ធផលខ្ពស់ យើងទាំងអស់គ្នាត្រូវតែអនុវត្តន៍ តាមផែនការការណែនាំ ពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អាជ្ញាធរខេត្ត និងការដឹកនាំផ្ទាល់ពីស្នងការនគរបាលខេត្តដោយត្រូវ តែមានវិន័យរឹងមាំ មានសាមគ្គីឯកភាពផ្ទៃក្នុងមានឆន្ទះការងារ មានភាពស្មោះត្រង់ទាំងអស់គ្នា ទើបក្លាយទៅជានគរបាលល្អអង្គភាពមាន វិន័យរឹងមាំបាន»

លោកបានបន្ថែមថា ចំពោះវគ្គសិក្សា សិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា ខិតខំរៀនសូត្រតាមគ្រូឧទ្ទេស និងត្រូវចងចាំគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងខាងលើ ទៅប្រើប្រាស់នៅពេលខាងមុខ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ បានបន្ដថា ជារៀងរាល់ថ្ងៃធ្វើការ ស្នងការដ្ឋាននគរបាលខេត្ត តែងតែរៀបចំគោរពទង់ជាតិ ជាទំលាប់ទៀងទាត់ ពុំដែលខកខានទេ។ ដោយឡែក ថ្នាក់ស្រុក និងប៉ុស្តិ៍រដ្ឋបាល ដោយសារកម្លាំងតិច ភារកិច្ចច្រើន យើងចាត់តាំងឲ្យរៀបចំការគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃច័ន្ទ មិនគិតថ្ងៃបុណ្យទេ។ លោកបានរំលឹកថា «រថយន្តអគ្គិភ័យ យើងបែងចែក ទុកនៅស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង និងនៅអធិការដ្ឋានគរបាលស្រុកដំណាក់ចង្អើរ១គ្រឿងដោយ បានរៀបចំរោងទុកដាក់បានសមស្របការពារមិនអោយច្រេះ ខូច អាចប្រើប្រាស់បានយូអង្វែង»