(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការបន់ស្រន់ របស់គណបក្សប្រឆាំងនៅខាងមុខអង្គរថា ជារឿងដែលមិនអាចជួយដល់បុគ្គល ដែលប្រព្រឹត្តខុសច្បាប់ ឱ្យរួចផុតពីការជាប់ពន្ធនាគារបានទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង១ថ្ងៃ បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមទាំងអ្នកគាំទ្រមួយចំនួន បាននាំគ្នាទៅបន់ស្រន់ នៅខាងមុខព្រះអង្គចេកព្រះអង្គចម និងមុខប្រាសាទអង្គវត្ត បន្ទាប់ពីសមត្ថកិច្ច និងតុលាការកំពុងប្រើប្រាស់វិធានការជាបន្តបន្ទាប់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញបទល្មើសមិនចូលខ្លួន តាមការកោះហៅរបស់តុលាការ ក្នុងនាមជាសាក្សីក្នុងរឿងសញ្ញារកម្ម។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់មន្រ្តីក្រមការ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកថា «សូមផ្តាំផ្ញើទៅ មិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណានោះទេ ធ្វើកុំឱ្យតែខុសច្បាប់ទៅ មិនដែលចូលគុកទេ កុំឆ្ងល់! បើធ្វើខុសច្បាប់ទោះទៅព្រះអង្គដង្កើ ព្រះអង្គចេកព្រះអង្គចម ទៅប្រាសាទព្រះវិហារ ប្រាសាទអង្គវត្ត ប្រាសាទឯណា ព្រះឥន្ធ ព្រះព្រហ្មទៀតក៏នៅតែជាប់គុកដែរ»

លោក កឹម សុខា ដែលកំពុងតែសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិ ដោយមានអ្នកគាំទ្រការពារនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ចាប់តាំងពីលោកអវត្តមានជាលើកទី២ ក្នុងការចូលបំភ្លឺជុំវិញរឿងសញ្ញារកម្ម ដែលពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន ចោទលោក កឹម សុខា ថាចង់បង្ករឿងតូចឱ្យទៅជារឿងធំ ដោយសារតែការមិនចូលខ្លួនតាមដីការនេះ។ ទោះជាយ៉ាងណាសម្តេចក៏ព្រលយដែរថា បទល្មើស៥៣៨នោះ មិនអាចឃុំខ្លួនបានទេ ដោយសារតែការកំណត់ទោសមិនដល់១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គេហាមថា អ្នកដែលត្រូវជាប់ពន្ធនាគារទោសនេះ ត្រូវជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើពី១ខែទៅ៦ខែ ទោសនេះមិនត្រូវបានឃុំឃាំងនោះទេ អ្នកខ្លះយល់មិនដល់អាហ្នឹងបានជាបង្កើតរឿងមកនេះ ទៅឱ្យគេសួរបន្តិចទៅ! គេឱ្យមកវិញតើមាននរណាគេចាប់ ដល់ទៅជាបង្កើតរឿងតូចទៅជារឿងធំ អាហ្នឹងមកមេធាវីស៊ើកៗ មើលមាត្រា៥៣៨ (នៃក្រមព្រហ្មទណ្ឌ) មើលមិនឃើញ»