(បន្ទាយមានជ័យ)៖ អាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា តូបរបស់អាជីវករខ្មែរ នៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ចំនួន៨តូប (តូបធំ២ និងតូបតូច៦) ត្រូវបានអគ្គិភ័យឆេះបំផ្លាញខ្លះទាំងស្រុង និងខ្លះទៀតខូចខាតស្ទើរទាំងស្រុង ដែលគិតជាទឹកប្រាក់អស់ខ្ទង់លានបាតឯណោះ។

មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនមែនមកពីបញ្ហាអ្វីនោះទេ តែយ៉ាងណានោះ សមត្ថកិច្ចរបស់ថៃ បាននិងកំពុងធ្វើការ​ស្រាវជ្រាវបន្តទៀត។ សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។ 

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីមានគ្រោះ​អគ្គិភ័យ​នេះ គេឃើញអាជ្ញាធរថៃ បានយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែដោយមើលឃើញ ពីស្ថានការណ៍កាន់តែខ្លាំងឡើងនោះ អាជ្ញាធរថៃបានសម្រេចប្រើប្រាស់ អេស្កាវទ័រ កាយផ្តាច់តូចឆេះ ជាមួយនឹងតូបមិនទាន់ឆេះចោល ដើម្បីកុំរាលដាលកាន់តែខ្លាំង៕