(ភ្នំពេញ)៖ ផលិតកម្ម Rock ដែលធ្លាប់តែមានឈ្មោះបោះសំឡេង​ ក្នុងប្រទេសកម្ពុជា ក្នុងការផលិតបទចម្រៀង មិនចម្លងពីបរទេស បានប្រកាសថា ផលិតកម្ម បានសម្រេចចិត្ត​ផ​លិតបទចម្រៀងឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រមាណ​ជា៤ឆ្នាំ ដោយសារតែបញ្ហាផ្ទៃក្នុង។ ការប្រកាស​ផលិតបទចម្រៀង វាយលុកទីផ្សារវិញនេះដែរ ផលិតកម្ម Rock ក៏នៅតែប្រកាន់ជំហរ មិនចម្លងបទចម្រៀង ឬទំនុកច្រៀងពីរទេសដូចកាលពីមុនដដែល និងបន្ថែមនូវអ្នកនិពន្ធបែបចម្រៀង រ៉េប តារាចម្រៀង រ៉េប ដែលសុទ្ធសឹងតែជាបទនិពន្ធថ្មី ផុសចេញពីស្នាដៃកូនខ្មែរពិតៗ។

ពិធីប្រកាសបើកដំណើរការ ផលិតបទចម្រៀងថ្មីឡើងវិញនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មានមួយ នៅឯសណ្ឋាគារ កាំបូឌីយ៉ាណា នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានថ្នាក់ដឹកនាំសំខាន់ៗចូលរួម និងការបង្ហាញវត្តមានតារាចម្រៀងថ្មីៗ ជាច្រើននាក់ក្នុងផលិតកម្ម Rock Music ផងដែរ។

លោក Mohamet នាយកគ្រប់គ្រង Rock Music បានថ្លែងថា Rock Music កំពុងតែធ្វើដំណើរ​ទៅកាន់ពិភពលោក ដើម្បីបង្ហាញវត្តមានលើ​ឆាកអន្តរជាតិ ក្នុងនោះយើងបានរៀបចំ ជាមួយនឹងតារាចម្រៀង ពន្លកថ្មីជាច្រើនរូប មានមកពីប្រទេសផ្សេងៗគ្នា ទាំងជាតិនិងអន្តរជាតិ។ Rock Music ជាផលិតកម្មថ្មីមួយទៀត បង្កើតឡើង គឺមានគោលបំណង ដើម្បីតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ មិនតែប៉ុណ្ណោះ​ផលិតកម្ម មានដៃគូសហការទាំងជាតិ និងអន្តរជាតិ ហើយក៏ជាការរួមចំណែក ឲ្យប្រទេសដទៃទៀតបានស្គាល់ ពីវិស័យសិល្បៈរបស់ប្រទេសកម្ពុជា គឺមោទនភាពជាតិខ្មែរ។

ដោយឡែក លោក រ៉េនឌី ប្រធានផ្នែកទីផ្សារ របស់ផលិតកម្ម Rock Music និងជាជំនួយការអ្នកឧកញ៉ា គិត ធៀង បានថ្លែងថា លោកសូមថ្លែងអំណរគុណ​ដល់អ្នកឧកញ៉ា គិត ធៀង ដែលបានផ្ដល់គំនិតចង្អុលបង្ហាញ និងណែនាំផ្ដល់ឱកាសឲ្យបង្កើត Rock Music នេះឡើងវិញ ដោយត្រូវធ្វើបទចម្រៀង Original Song សម្រាប់វាយលុកទីផ្សារ មិនមែនតែ​ក្នុងប្រទេសកម្ពុជាទេ ពោលគឺទូទាំងពិភពលោក ព្រោះតារាចម្រៀងរបស់ Rock Music គឺមានស្ទើរតែគ្រប់ជាតិសាសន៍ ក្នុងនោះមាន កម្ពុជា អាមេរិក អាហ្វ្រិក កូរ៉េ រួមទាំងអ្នកនិពន្ធល្បីៗ ទាំងក្នុងប្រទេសកម្ពុជា និងបរទេស។

លោកបន្ថែមថា សម្រាប់ Rock Music នឹងបង្ហាញឲ្យពិភពលោក​ បានស្គាល់ប្រទេសកម្ពុជា កាន់តែច្បាស់ បន្ទាប់ពីផលិតបានបទចម្រៀង​ ហើយ Rock Music គ្រោងទៅសម្ដែងចំនួន៧ប្រទេស នៅលើពិភពលោក ដើម្បីឲ្យបាន​ដឹង​អំពីបទចម្រៀង Original Song របស់កម្ពុជា។ លោកក៏សូមអំពាវនាវដល់បងប្អូន មហាជនទាំងអស់ ចូលរួមគាំទ្របទចម្រៀង របស់ខ្មែរយើងឲ្យបានចច្រើន ដើម្បីជាមោទនភាពរបស់​យើងគ្រប់គ្នា។

យ៉ាងណាមិញ ផលិតកម្ម Rock Music សង្ឃឹមយ៉ាងមុតមាំថា ការផលិតបទចម្រៀងថ្មីឡើងវិញនេះ នឹងទទួលបានជោគជ័យ ព្រោះផលិតកម្ម បានប្រមែប្រមូល ធនធានមនុស្ស​សំខាន់ៗ ដើម្បីចូលរួមបង្កើតស្នាដៃថ្មី ប្លែកៗ មានលក្ខណៈលាយបញ្ចូលគ្នា ជាមួយគំនិតច្នៃប្រឌិត របស់អ្នកនិពន្ធមកពីបរទេស។ នេះជាប្រសាសន៍​របស់លោក រ៉េនឌី បញ្ជាក់បន្ថែម៕