(ភ្នំពេញ​)៖ ​នៅថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​១៤​នាក់​ និង​របួសស្រាល​២​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​,​ រថយន្ត​ធុន​ធំ​៣​គ្រឿង​,​ កង់​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៥​លើក​, ​ប្រជែង​៤​លើក​,​ បត់​គ្រោះថ្នាក់​២​លើក​,​ កត្តា​យានយន្ត​១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍១៥​នាក់​ (​យប់​៧​នាក់​)​។​

នៅថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៧៥៤​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,១២៨​គ្រឿង​ និង​ពិន័យ​សរុប​១,៦២៦​គ្រឿង​៕