(ប៉ារីស)៖ ការប្រកួតសន្សំពិន្ទុពូល A ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 បានបញ្ចប់មុនគេយប់មិញនេះ ដោយម្ចាស់ផ្ទះបារាំង លេងស្មើ ០-០ ជាមួយស្វីស តែអាល់បានី បានយកឈ្នះរ៉ម៉ានី ១-០។

សារព័ត៌មាន BBC បានឲ្យដឹងថា បារាំង និងស្វីសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ (វគ្គចាញ់ធ្លាក់) ដោយជោគជ័យហើយ ទោះបានម្នាក់១ពិន្ទុយប់មិញនេះក៏ដោយ ពីការស្មើលទ្ធផលបច្ចេកទេស ០-០ ដោយបារាំង ឈរនៅលេខ១ មាន៧ពិន្ទុ និងស្វីសឈរលេខ២ មាន៥ពិន្ទុ។

ដូចគ្នាយប់មិញនេះដែរ ដែលចាប់ផ្តើមការប្រកួតម៉ោង២រំលងអាធ្រាត្រដូចគ្នា អាល់បានី បានបញ្ចប់ទៅដោយលេខ៣ ក្នុងពូល A ក្រោយរកបាន៣ពិន្ទុចុងក្រោយ ឈ្នះរ៉ូម៉ានី ១-០ នៅនាទីទី៤៣ ដោយកីឡាករ Armando Sadiku នៅពីមុខអ្នកទស្សនាផ្ទាល់ ៤៩៧៥២នាក់។

ដូច្នេះ អាល់បានីមិនទាន់អស់អង្ឃឹមឡើយ ដោយនៅរង់ចាំអ៊ុតជាមួយលេខ៣ នៃពូលផ្សេងទៀត ក្នុងនាមជាក្រុមឈរនៅលេខ៣ ក្នុងពូលល្អជាងគេ៕