(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីប្រកាសលទ្ធផលថា បេក្ខជន ថែល ថៃ លើកពាន The Voice Cambodia 2016 រដូវកាលទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញសារចូលរួមអបអរសាទរភ្លាមដល់បេក្ខជន ថែល ថៃ ដែលបានទទួលជ័យជំនះ​ ក្នុងការប្រកួតនាយប់នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ក្មួយ ថែល ថៃ ដែលបានឈ្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២ នាពេលយប់នេះ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនទូរទស្សន៌រស្មីហង្សមាស ក្មួយៗគណៈកម្មការទាំងអស់ និងពិធីករ ពិធីការនី ដែលបានចូលរួមរៀបចំកម្មវិធីកម្រិតអន្តរជាតិទទួលបានការគាំទ្រ និងជោគជ័យ! ចំពោះក្មួយៗដែលមិនបានជាប់គឺកុំបាក់ទឹកចិត្ត ហើយខិតខំបន្តថែមទៀត ដើម្បីទទួលជោគជ័យ នាពដេលខាងមុខនេះមិនខាន!»។

សូមជំរាបថា ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវ​កាល​ទី​២ ប្រចាំក្នុងប្រទេសកម្ពុជា បាន​រកឃើញបេក្ខជន ទទួលបានជយលាភី​លើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពីកម្មវិធីបានបើកការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល​ ជាច្រើនខែកន្លងមក ។ បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភីមានសមត្ថភាពខ្ពស់ មានការផ្ញើសារគាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុម​របស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ជ័យជំនះនេះទទួលបានទឹកប្រាក់១០០លានរៀល៕