(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន កំពុងតែតាមដានយ៉ាងដិតដល់បំផុត ចំពោះភ្នំភ្លើងសកម្មចំនួនពីរ គឺមួយឈ្មោះ Kanlaon ក្នុងកោះ Negros ភាគកណ្តាលប្រទេស និង មួយទៀតឈ្មោះ Bulusan ស្ថិតនៅខេត្ត Sorsogon ដែលធ្លាប់ផ្ទុះម្តងរួចមកហើយ កាលពីថ្ងៃទី១០ ខែមិថុនា ហើយពួកវាអាច នឹងផ្ទុះនៅថ្ងៃណាមួយ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ​ នាយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋាភិបាលហ្វីលីពីន បាននិងកំពុងរៀបចំ ឲ្យមានកម្លាំងជម្លៀសប្រជាពលរដ្ឋ ត្រៀមខ្លួនរួចជាស្រេច ក្នុងករណីបន្ទាន់ណាមួយ ត្រូវតែធ្វើការជម្លៀសប្រជាជន ដែលរស់នៅជុំវិញតំបន់ភ្នំភ្លើងទាំងពីរនោះ ចេញដើម្បីសុវត្ថិភាព។ វិទ្យាស្ថានតាមដាន ចលនាភូមិសាស្ត្រ និង ភ្នំភ្លើងហ្វីលីពីន (Phivolcs) បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនកំពុងតែតាមដានសកម្មភាពភ្នំភ្លើង ទាំងពីរខាងលើនេះ យ៉ាងដិតដល់។

គួរបញ្ជាក់ថា Kanlaon និង Bulusan គឺជាភ្នំភ្លើងពីរក្នុងចំណោមភ្នំភ្លើងមួយចំនួនទៀត ដែលនៅតែ មានសកម្មភាពនៅឡើយនៅហ្វីលីពីន ហើយសកម្មភាពកន្លះខែកន្លងមកនេះ ពួកវាហាក់បានបញ្ចេញ កម្អែលផេះ និងអណ្តាភ្លើង គួរឲ្យកត់សម្គាល់ ដែលនាំឲ្យក្រុមអ្នកតាមដានភ្នំភ្លើងហ្វីលីពីន បានចេញ មុខព្រមានឲ្យអាជ្ញាធរចាត់វិធានការ ការពារប្រជាជនដែលរស់នៅ ជុំវិញតំបន់ទាំងពីរនោះ៕