(ភ្នំពេញ)៖ អ្នកសារព័ត៌មានមកពីស្ថាប័នរដ្ឋ និងឯកជនចំនួន១០រូប ត្រូវបានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសវៀតណាម។ 

គណៈប្រតិភូសារព័ត៌មានកម្ពុជា ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនេះ ដឹកនាំដោយលោក ហាស់ សំអាត អគ្គនាយករង នៃអគ្គនាយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន។ ក្នុងនោះមាន ៦រូប មកពីស្ថាប័នរដ្ឋដែលរួមមានថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន៣រូប ៣រូបទៀត មកពីទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារព័ត៌មាន AKP ។ ចំណែកអ្នកសារព័ត៌មានមកពីអង្គភាពឯកជន រួមមានអង្គភាពព័ត៌មានអនឡាញ Fresh News, កាសែតរស្មីកម្ពុជា, ទូរទស្សន៍ហង្សមាស និងទូរទស្សនអប្សរា។

លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ដែលរួមដំណើរជាមួយគណៈប្រតិភូអ្នកសារព័ត៌មាន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺមានរយៈពេល១០ថ្ងៃ ដោយ៣ថ្ងៃបំពេញទស្សនកិច្ចនៅទីក្រុង និងខេត្តភាគខាងត្បូង និង៧ថ្ងៃទៀតទៅបំពេញទស្សកិច្ចនៅទីក្រុង និងខេត្តភាគខាងជើងប្រទេសវៀតណាម។ លោក យ៉ែម ណយ បានថ្លែងឲ្យ​ដឹងបន្តថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីជាការដកបទពិសោធន៏ និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក រវាងអ្នកសារព័ត៌មានកម្ពុជាយើង ជាមួយអ្នកសារព័ត៌មានវៀតណាម ឲ្យឈានទៅរកការរីកចំរើនតាមបែបសម័យបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ ធ្វើឡើងយោងតាមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយក្រសួងព័ត៌មានវៀតណាមនាពេលកន្លងមក៕