(ព្រះសីហនុ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់សិលា ដឹកនាំដោយលោក ឡុង គឹមហួរ នាយការិយាល័យ​បទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្រ្កាប ករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ភូមិ​ ចាំស្រី​ ឃុំកំពង់សិលា ស្រុកកំពង់សិលា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ឡុង គឹមហួរ បានបញ្ជាក់ថា ប្រតិបត្តិការដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ បានចាប់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំ៦៨កញ្ចប់ ម៉ូតូ៤គ្រឿង ទូរស័ព្ទដៃ៥គ្រឿង គ្រឿងអលង្ការ ឧបករណ៍សម្រាប់ជក់ និងលុយមួយចំនួនទៀតផងដែរ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ឃឹម តូរ៉ា​ ភេទប្រុស អាយុ ៣០ឆាំ្ន មុខរបរជាងដែក​ រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ទី២ ឈ្មោះ លឹម​ ដែត​ ភេទប្រុស អាយុ ២៥ឆាំ្ន មុខរបរ ជាងឡាន រស់នៅ ភូមិ​បុរីកម្មករ សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៣ឈ្មោះ ង៉ែត​ ចាន់ធី​ ហៅ​ ខ្លី ភេទប្រុស អាយុ ៣០ឆាំ្ន មុខរបរ ជាងដែក រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ទី៤ឈ្មោះ​ យេស​ ម៉ាត់​ ភេទប្រុស អាយុ ៣១ឆាំ្ន មុខរបរ ធ្វើស្រែ​ រស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី៥ឈ្មោះ ឈន​ ស្រីទី​ ភេទស្រី អាយុ ៣៤ឆាំ្ន មុខរបរ បុគ្គលិករ៉ូលីន  រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា ក្រោយទទួលបានព័ត៌មានសំងាត់ស្តីពីករណីជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការ បានចុះទៅស្រាវជ្រាវ រហូតចុះបង្ក្រាប​ជាក់ស្តែងតែម្តង។

សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍មេបញ្ជាការ ធ្លាប់បានបញ្ជាក់ថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លើបញ្ហាគ្រឿងញៀននេះ កម្លាំងរបស់លោក បានធ្វើការស្រាវ​ជ្រាវជាប្រចាំ ដើម្បីតាមបង្ក្រាបមេរោគសង្គមមួយនេះ។