(ត្បួងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមយុវជនឲ្យចេះជួយគ្នា ស្រឡាញ់គ្នា ធ្វើតែអំពើល្អដើម្បីបម្រើប្រជាពលរដ្ឋដើម្បីដណ្តើមប្រៀបឈ្នះនាពេលខាងមុខ។ ការលើក​ឡើងរបស់លោក ហ៊ុន​ ម៉ាណែត​ ធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនស្រុក​ សកម្មជនយុវជន​ វិទ្យាល័យ​ អនុវិទ្យាល័យ​ ឃុំ​ និងភូមិ​ ស្រុកពញ្ញាក្រែក​ ខេត្តត្បូងឃ្មុុ។

នៅចំពោះក្រុមយុវជនទាំងអស់ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអបអរសារទរបងប្អូនយុវជន​ ក្នុងឱកាសដែលត្រូវបានទទួលស្គាល់ជាសកម្មជនបក្ស​ និង​ថ្លែង​អំណរគុណដែលសកម្មជនទាំងអស់ដែលបានជ្រើសរើសចូលរួមដោយស័គ្រ្មចិត្ត​ជាមួយគណបក្សប្រជាជន ដែលជាគណបក្សដែលធំជាងគេ​ មានភាពចាស់ទុំជាងគេ​ ព្រមទាំងមានស្នាដៃច្រើន​ជាងគេទាំងអស់។

លោកបានបញ្ជាក់ថា «យុវជនសម័យនេះមានលទ្ធភាពគ្រប់គ្រាន់សិទ្ឋិពេញលេញ​ ក្នុងការពិចារណាល្អិតល្អន់​ ក្នុងការជ្រើសរើស​ និងចូលរួមគណបក្សដែលខ្លួនស្រលាញ់​ ដោយមិន​មានការបង្ខិត​បង្ខំពី​បក្សនយោបាយណាមួយឡើយ។ ដើម្បីឲ្យយុវជនឲ្យស្រឡាញ់បក្ស និងចូលរួមក្នុងបក្សរបស់គឺមានតែការធ្វើអំពើល្អ​ និងឲ្យពួកគេចូលរួមដោយ​សុទ្ធចិត្តដើម្បី​បម្រើសកម្មភាពសង្គម​ និងប្រជាពលរដ្ឋ​»

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្នាក់ដឹកនាំបច្ចុប្បន្នគឺជាយុវជនជំនាន់មុនដែលបានលះបង់អ្វីៗគ្រប់យ៉ាងនិងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដូចនេះ​យុវជនត្រូវថែរក្សាសមិទ្ធិផលនិងសន្តិភាព ស្ថេរភាពសង្គមដែលជាកេរ្ត៍តំណែលរបស់ឪពុកម្តាយបានបន្សល់ទុកឲ្យ ដែលទាំងនេះគឺជាសំណាង និងឱកាសសម្រាប់​យើងទាំងអស់​គ្នាដើម្បីកសាងបន្ថែម ប្រព្រឹត្ត​អំពើល្អសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ។

លោកថា «សន្តិភាព ស្ថេរភាពសង្គមគឺជាអ្វីៗគ្រប់យ៉ាង បើគ្មានសន្តិភាព ស្ថេរភាពយើងមិនអានធ្វើអ្វីបានឡើយ។ ដូច្នេះយុវជនបក្សត្រូវស្វែងយល់អំពី​បក្សនិងស្រឡាញ់​បក្សដោយ​ហេតុផល​សំខាន់ៗរួម​មាន ភាពចាស់ទុំខាងនយោបាយ ស្នាដៃជាច្រើនរបស់បក្ស មានថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវនិងបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ការធ្វើរកំណែ​ទម្រង់រដ្ឋបាលសាធារណៈ ការតម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការជាដើម»