(ភ្នំពេញ)៖ សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលរួមលេងកម្សាន្ដ និងប្រកួតប្រជែងកីឡាជាច្រើនប្រភេទ​ក្នុងកម្មវិធី «ចលនាកីឡាអូឡាំពិកកម្ពុជា» នៅបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ។

កម្មវិធីចលនាកីឡាអូឡាំពិកនេះ ធ្វើឡើងក្រោមការឧបត្ថមដ៏ធំ របស់ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក្នុងគោលបំណងជំរុញឲ្យយុវជនទាំងអស់គ្នា យល់ដឹងពីការថែរក្សារសុខភាព តាមរយៈការហាត់កីឡា ឲ្យយុវជនទាំងអស់គ្នាជៀសឆ្ងាយពីគ្រឿងញៀន ដែលបង្កភាពអសន្តិសុខក្នុងសង្គម។ ពិសេសកីឡាផ្ដល់អត្ថប្រជយោជន៍ជាច្រើន បង្កើតមិត្តភាព ផ្ដល់ភាពរីករាយ និងសុខភាពល្អ ទាំងសុខភាពរាងកាយ និងជៀសផុតពីជំងឺផ្សេងៗ។

កម្មវិធីចលនាកីឡាអូឡាំពិកកម្ពុជានេះ មានការលេងកីឡាជាច្រើនដូចជា កីឡាបាល់ទះ កីឡាបាល់ទាត់ ល្បុក្កតោ ចោលដុំដែក កាយសម្ព័ន្ធ លោតចំងាយ រត់ល្បឿន និងកីឡាផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះ អ្នកដែលចូលរួមលេងកម្សាន្ដ ទទួលបានរង្វាន់ជាច្រើន ដូចជាមួក អាវយឺត កងដៃ និងសម្ភារៈកីឡាជាច្រើន ព្រមទាំងភេសជ្ជៈផងដែរ។

សូមបញ្ជក់ថា រាល់ការប្រកួតទាំងអស់ គឺត្រូវចម្រាញ់យកអ្នកឈ្នះមួយក្រុម ក្នុងមួយប្រភេទ​កីឡា ដើម្បីទៅប្រកួតប្រជែង​ជាមួយវិទ្យាល័យ​ចំនួន៣ទៀត ដែលប្រព្រឹត្តិ​ឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក៕