(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំពិធីបង្សុកូល និងរាប់បាត្រនៅបរិវេណ អ.វ.ត.ក ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត ក្នុងរបបខ្មែរក្រហម។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ រដ្ឋបាលនៃ អ.វ.ត.ក ដោយមានការអញ្ជើញចូលរួមពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសាលាក្តីខ្មែរក្រហម។

ជាកម្មវិធីសាសនាដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីសម្តែងនូវការពេញចិត្ត និងសូមថ្លែងអំណរគុណចំពោះសាលាក្តីខ្មែរក្រហមដែលបានផ្តួចផ្តើម និងរៀបចំឡើងដើម្បីអនុញ្ញាតឱ្យជនរងគ្រោះ និងមន្ត្រីបុគ្គលិកទាំងអស់ចូលរួមរំឭកវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។

លោក ក្រាញ់ តូនី បានថ្លែងអំណរគុណចំពោះ ពលរដ្ឋដែលរួចជីវិតពីរបបខ្មែរក្រហមទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីបង្សុកូល និងរាប់បាត្រពេលនេះ ដែលជាឱកាសមួយដ៏សំខាន់ក្នុងការធ្វើពិធីបុណ្យរួមគ្នាឧទ្ទិសកុសល ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត។

ប្រធានការិយាល័យរដ្ឋបាលស្តីទី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយលោកគូសបញ្ជាក់ថា៖ «តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណី ពិតជាមានសារៈសំខាន់ក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម»

ក្នុងពិធីបាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត មានការនិមន្តព្រះសង្ឃចំនួន ៧៩ អង្គដែលតំណាងឱ្យថ្ងៃរំដោះ ៧ មករា ១៩៧៩ និងមានការអញ្ជើញចូលរួមពីសំណាក់ដើមបណ្តឹងរដ្ឋប្បវេណី និងមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម។ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់មានសេចក្តីសប្បាយរីករាយ និងបុណ្យកុសលនេះ។

លោក ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការចូលរួមបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវជូនសាលាក្តីខ្មែរក្រហមរយៈពេល ១៦ឆ្នាំមកនេះ៕