(កំពង់ធំ)៖ លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យប្រធានស្ថាប័នអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពចុះធ្វើបណ្ណបញ្ជាក់កម្មសិទ្ធិលើដីរដ្ឋ ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាកុំឱ្យមានវិវាទណាមួយរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ។

ការជំរុញបែបនេះរបស់លោក ទូច សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋ ដើម្បីពន្លឿនការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋដែលនៅសេសសល់ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានចូលរួមពីតំណាងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ផងដែរ។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានបន្តថា «មកទល់នឹងពេលនេះរដ្ឋបាលខេត្តកំពង់ធំ ទទួលបានរបាយការណ៍នៃការចុះបញ្ជី និងការកាន់កាប់ធ្វើប្លង់កម្មសិទ្ធិលើដីរដ្ឋនៅមានកម្រិតនៅឡើយ មានន័យថានៅតាមបណ្ដាក្រុង ស្រុក នៅពុំទាន់បានអនុវត្តនូវការចុះបញ្ជីកាន់កាប់កម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ ខ្ញុំសូមជំរុញឱ្យតំណាងក្រុង ស្រុកមន្ទីរអង្គភាពត្រូវធ្វើយ៉ាងណាកំណត់ឱ្យបាននៅគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដែលពុំទាន់បានស្នើសុំធ្វើប្លង់ ចុះបញ្ជីកាន់កាប់ត្រូវពន្លឿន និងចុះបញ្ជីបានទាន់ពេលវេលា និងពិនិត្យឱ្យអស់នៅដីតំបន់កន្លែងណាដែលមិនទាន់បានចុះបញ្ជីហើយត្រូវរៀបចំដាក់ពាក្យស្នើសុំដើម្បីចុះបញ្ឱ្យបានគ្រប់ៗគ្នា»

លោកបានស្នើដល់ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើការណែនាំទៅដល់ភូមិបាលក្រុង ស្រុកធ្វើយ៉ាងណាពន្លឿននឹងការចុះបញ្ជីដីធ្លីនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានទាន់ពេលវេលា និងលឿនបំផុតពីព្រោះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យឃើញថានៅមានដីធ្លីមិនទាន់ចុះបញ្ជីច្រើនណាស់នៅតាមតំបន់គ្រប់គ្រងមូលដ្ឋានក្នុងបណ្ដាស្រុកនីមួយៗ។

បន្ថែមពីនេះ លោកអភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ចំពោះអាជ្ញាធរឃុំ សង្កាត់ទាំងអស់ត្រូវតែពន្លឿននៅការចុះបញ្ជីឱ្យបានលិតល្អន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែសម្រាប់ស្ថាប័នគ្រឹះស្ថានដែលបានមកចុះបញ្ជីរួចហើយ គឺអាជ្ញាធររដ្ឋបាលឃុំ ស្រុកត្រូវពិនិត្យដែលបានច្បាស់ គឺមិនអាចចុះបញ្ជីជាលើកទីពីរបានទេ។ ប៉ុន្តែចំពោះការស្នើសុំចុះបញ្ជីទ្រព្យសម្បត្តិនៅក្នុងតំបន់មូលដ្ឋាន ដូចជាទីទួលកប់ខ្មោច ទួលអ្នកតា អាជ្ញាធរឃុំមិនចាំបាច់ដាក់សំណើមកទេរង់ចាំក្រុមការងារចុះទៅធ្វើប្លង់កម្មសិទ្ធិជាក់ស្ដែង។

លោក ទូច សុខា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់ប្រាកដប្រជាថាតើនៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួនមានការចុះបញ្ជីជាក់លាក់ចំនួនប៉ុន្មានហើយ នៅសេសសល់ប៉ុន្មានត្រូវដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្ត និងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីរដ្ឋបាលខេត្តមានពេលរៀបចំផែនការចុះធ្វើប្លង់កាន់កាប់ឱ្យបានទាន់ពេលវេលា៕