(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានបេះដូងជាអ្នកស្រឡាញ់សន្តិភាព និងបន្តចូលរួមយ៉ាងខ្លាំងក្លាក្នុងការគាំទ្រ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

ការលើកឡើងបែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងឱកាសដែលលោកបានចូលរួមជាគណៈអធិបតីភាពជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ បច្ចេកទេសបោសសំអាតមីន និងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់ លើកទី៥ ក្នុងក្របខ័ណ្ឌបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីសាធារណរដ្ឋបារាំង និងអូស្ត្រាលី នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យកងកម្លាំងរក្សាសន្តិភាពទាំងអស់ ដែលត្រូវចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវយកបេះដូង និងក្តីស្រឡាញ់របស់ខ្លួន ទៅបម្រើប្រទេស និងប្រជាជនទាំងនោះ ឱ្យដូចជាប្រទេសជាតិ ជនរួមជាតិ សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួន ហើយដែលទង្វើទាំងនេះនឹងស្ថិតក្នុងបេះដូង និងការចងចាំជានិច្ច។

លោកទេសរដ្ឋន្រ្តី លី ធុជ បានបន្តថា រយៈពេលជាង១៦ឆ្នាំនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់ និងបានការកោតសរសើរលើឆាកអន្តរជាតិដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។ បច្ចុប្បន្ន កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក ទាំងចំពោះសកម្មភាពក្នុងក្របខ័ណ្ឌអង្គការប្រជាជាតិ។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្នុងនាមជាអ្នកមានបេះដូងស្រឡាញ់សន្តិភាព និងធ្លាប់រងគ្រោះដោយសារសង្រ្គាម, សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រជាជននៃប្រទេសដទៃទៀត ទទួលបាននូវសុខក្សេមក្សាន្តដូចកម្ពុជាបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាបន្តចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពោរពេញមនោសញ្ចេតនាអាណិតអាសូរ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពដល់ប្រទេសនានា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមផ្តល់ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងដែលផ្តល់ហិរញ្ញវត្ថុ និងបានបញ្ជូនយោធាចារ្យ រួមជាមួយយោធាចារ្យនៃប្រទេសអូស្ត្រាលី ជួយគាំទ្រនិងផ្តល់ការហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្ដេជ្ញា និងការគាំទ្រឥតឈប់ឈរចំពោះសកម្មភាពមីននៅកម្ពុជា និងប្រទេសក្នុងតំបន់ ព្រមទាំងចាត់ទុកថាសកម្មភាពមីន គឺជាផ្នែកមួយដ៏សំខាន់របស់សកម្មភាពអភិវឌ្ឍន៍ និងការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ ឬសកលលោក ស្របគ្នានឹងការយកចិត្តទុកដាក់លើវិស័យសកម្មភាបមីន ហើយសិក្ខាកាមដែលទទួលបានការហ្វឹកហ្វឺន នឹងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព ស្របនឹងនិយាមរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព។

តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង តំណាងរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាសន្តិភាព (NPMEC) បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល៣សប្តាហ៍ និងមានសិក្ខាកាមមកពីកម្ពុជា ឥណ្ឌូនេស៊ី ថៃឡង់ ហ្វីលីពីន នេប៉ាល់ ឡាវ ម៉ុងហ្គោលី ម៉ាឡេស៊ី វៀតណាម និងបង់ក្លាដែស៕