(កណ្តាល)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទទួលស្គាល់គ្រួសារដែលជាប់ជយ័លាភីជាគ្រសារគម្រូ តាមរយៈការប្រើប្រាស់បង្គន់អនាម័យស្អាត បរិភោគទឹកសុវត្តិភាព លាងដៃ និងសាប៊ូ ព្រមទាំងបរិស្ថានស្អាត ស្ថិតស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ ភូមិ និងតំណាងអង្គការដៃគូរនានា ព្រមទាំងគ្រួសារជ័យលាភីទាំងអស់។

ពិធីប្រកាសគ្រួសារជាប់ជ័យលាភីជាគ្រួសារគម្រូ រៀបចំដើម្បីធ្វើការលើកទឹកចិត្តដល់គ្រួសារក្រីក្រ ដែលបានអនុវត្តល្អក្នុងការប្រើប្រាស់បង្គន់អនាម័យ ពិសារទឹកសុវត្ថិភាព លាងដៃជាមួយសាប៊ូ អនាម័យចំំណីអាហារ ព្រមទាំងមានបរិស្ថានជុំវិញផ្ទះស្អាត។

ក្នងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារជ័យលាភី លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ព្រមទាំងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

អភិបាលរងខេត្ត បានកោតសរសើរចំពោះរដ្ឋបាលស្រុក និងអង្គការដៃគូ ដែលបានរៀបចំកម្មវិធីប្រឡងប្រណាំងនេះឡើង ហើយក៏កោតសរសើរដល់គ្រួសារទាំងអស់ដែលបានអនុវត្តបានល្អប្រសើរនូវសូចនាករនានា ដើម្បីសម្រេចបានជាគ្រួសារជ័យលាភី តាមរយៈការប្រើប្រាស់បង្គន់អនាម័យ បរិភោគទឹកសុវត្ថិភាព ចំណីអាហារមានអនាម័យ និងរៀបចំបរិវេណផ្ទះមានអនាម័យល្អ។

លោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យល្អ ធ្វើឲ្យសុខភាពល្អ ដើម្បីគ្រួសារមានសុភមង្គល។ ត្រូវបន្ទោបង់ក្នុងបង្គន់អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ អាយុវែង រស់នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង។

ក្នុងស្រុកខ្សាច់កណ្តាល គ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ដែលបានចូលរួមប្រឡងប្រណាំងគ្រួសារគម្រូ សរុបទាំង១៨ឃុំ មានចំនួន ៧២គ្រួសារ ក្នុងនោះ៖ គ្រួសារចំណាត់ថ្នាក់លេខ១ ចំនួន ២៧គ្រួសារ, ចំណាត់ថ្នាក់លេខ២ ចំនួន ២៩គ្រួសារ និងគ្រួសារដែលមិនជាប់ចំណាត់ថ្នាក់ ចំនួន ១៦គ្រួសារ។

ក្រុមការងារបានផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រួសារដែលបានទទួលជ័យលាភី រួមមាន៖ ជ័យលាភីលេខ១ ថវិកា ២០០.០០០៛ ជ័យលាភីលេខ២ ថវិកា ១០០.០០០៛ រួមនិង លិខិតសរសើរ, ស្លាកគ្រួសារគម្រូដាក់មុខផ្ទះ, ថវិកា អាវយឺតសម្គាល់គ្រួសារគម្រូ, សាប៊ូ ០៤យួរ, ដបទឹក និងដំណើរទស្សនកិច្ច។ ក្នុងនោះជនបង្គោលនារីឃុំ ទាំង១៨ឃុំ ក្នុងម្នាក់ថវិកា ២០.០០០៛ ផងដែរ៕