(ព្រៃវែង)៖ ដោយមានការស្នើសុំពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង នូវអគារសិក្សាចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានា នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយពិនិត្យឃើញពីភាពចាំបាច់អំពីការខ្វះខាតនូវអគារសិក្សា ដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានចាត់ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ចុះជួបសំណេះសំណាលជាមួយ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ស្រុកស្វាយអន្ទរ និងដោះស្រាយសំណើសំណូមពរសុំអគារសិក្សា ចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់នេះ។

លោកស្រីប្រធានការិយាល័យអប់រំ ស្រុកស្វាយអន្ទរ បានឲ្យដឹងថា មូលហេតុដែលវិទ្យាល័យ ហ៊ុន សែន ពានរោង មានកន្វះខាតនូវអគារសិក្សាដោយសារក្នុងមួយឆ្នាំៗ មានកំណើនសិស្សប្រមាណ២០០ ទៅ៣០០នាក់ ពិសេសសិស្សដែលរស់នៅតាមបណ្តាឃុំ ជាប់នឹងឃុំពានរោង ក៏មកសិក្សានៅវិទ្យាល័យនេះផងដែរ។ លោកស្រីបន្តថា ស្រុកស្វាយអន្ទរ មានគ្រឹះស្ថានសិក្សាចំនួន ៦៦កន្លែង ក្នុងនោះមាន វិទ្យាល័យ ចំនួន៣, អនុវិទ្យាល័យ ចំនួន៩, បឋមសិក្សា ចំនួន៥១ និងមត្តេយ្យ ចំនួន៣ ដែលមានអគារសរុបចំនួន១៩១ខ្នង ស្មើនឹង៧៩៥បន្ទប់ ថ្នាក់៦៦៥ថ្នាក់ សិស្សសរុបចំនួន២២,៨៩៥នាក់ ស្រី១០,១១០នាក់។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ក៏បាននាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង និងបានលើកឡើងពីសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និយាយជាមរួម និងនិយាយដោយឡែក ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ផ្លូវ ថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានគូសបញ្ជាក់ថា សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាបំពេញសេវាសាធារណៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕