(ភ្នំពេញ)៖ លោកមេធាវី​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកបានចាត់តាំងមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កាលពីម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 ពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ភាគីរថយន្តម៉ាក ជាជនបង្ក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២២)។

ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា២នាក់ ទី១៖ ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២៖ ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ៕