(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមកពីស្ថាប័នវិស្វករម៉ាឡេស៊ី (Institution of Engineers Malaysia)។

ជំនួបនេះ ធ្វើឡើងនៅការិយាល័យផ្ទាល់របស់ លោកបណ្ឌិត អូស្មាន ហាស្សាន់ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលប្រតិភូខាងលើ អញ្ជើញមកចូលរួមសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ នៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីសាស្រ្តាចារ្យបណ្ឌិត Ir. Prof. Dr. Norlida Buniyamin ប្រធានស្ថាប័នវិស្វករម៉ាឡេស៊ី បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងស្ញប់ស្ញែងកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងសំណង់អគារខ្ពស់ៗគួរជាទីមោទនៈ។

លោកស្រីសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងដែរថា ស្ថាប័នវិស្វករម៉ាឡេសុី មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាក្នុងការអភិវឌ្ឍវិស័យវិស្វកម្ម ដោយផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ឲ្យមានឱកាសបន្តសិក្សាលើជំនាញវិស្វកម្មនៅម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើងនៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណចំពោះស្ថាប័នវិស្វករម៉ាឡេស៊ី ដែលមានបំណងសហការជាមួយកម្ពុជាក្នុងការពង្រឹងវិស័យវិស្វកម្មនៅកម្ពុជា។ លោក សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងភាគីទាំងពីរនឹងមានភាពកាន់តែរឹងមាំ និងល្អប្រសើរឡើងបន្ថែមទៀត៕