(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំ សមាជិក សមាជិកា ក្រោមឱវាទ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០៨គ្រួសារ មកពីឃុំ ចំនួន៤ នៃស្រុកអង្គរជ័យ ក្នុងនោះរងគ្រោះមធ្យម ចំនួន១០៤គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរ ចំនួន៤គ្រួសារ។

ពិធីចែកអំណោយខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តពោធិ៍ជុំ ស្ថិតនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។

អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ មធ្យម ចំនួន១០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, មី១កេស, សារុង១ និងថវិកា៥ម៉ឺនរៀល។

គ្រួសាររងគ្រោះ ធ្ងន់ធ្ងរ ចំនួន៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, សារុង១, កៅស៊ូតង់១ដុំ និងថវិកា២០មុឺនរៀល។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ៅ ធនិន ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ៥០គីឡូក្រាម, ទឹកត្រី២យួរ, ត្រីខ២០កំប៉ុង, មី២កេស, ទឹកសុទ្ធ២កេស និងថវិកា៥០ម៉ឺនរៀលផងដែរ៕