(ភ្នំពេញ)៖ គ្រឿងញៀនជិត៣គីឡូក្រាម និងជនជាតិចិនម្នាក់ ត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងគយ ចុះបង្ក្រាបបាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ដោយបានត្រួតពិនិត្យឆែកឆេរ ឃើញមានភាពមិនប្រក្រតី។

ប្រតិបត្ដិការនេះ ធ្វើឡើងនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១៖២០នាទី ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនក្រុមជំនាញដឹកនាំ ដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់ ប្រធានមន្ទីរ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់ ភេទប្រុសជនជាតិចិន (តៃវ៉ាន់) ឈ្មោះ YANG CHIN CHUNG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ 360672244 និងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន០៨ដុំ ទម្ងន់២,៧៩៩.៧៩ក្រាម ដែលជនសង្ស័យលាក់ទុក ដោយបិទជាប់នឹងដងខ្លួន។

ទិសដៅជនសង្ស័យដឹកជញ្ជូនសារធាតុញៀន ចេញពីប្រទេសកម្ពុជា តម្រង់ទៅកាន់ទីក្រុងតៃប៉ិ (កោះតៃវ៉ាន) តាមរយៈជើងហោះហើរ ក្រុមហ៊ុន (EVAAIR) BR0266/03DEC។ ការងារបន្ត សហការស្រាវជ្រាវបង្ក្រាប មេខ្លោងនិងបក្ខពួកសេសសល់ និងដកហូតវត្ថុតាងពាក់ព័ន្ធ និងដំណើរការព្រមគ្នា ការងារប្រឆាំងបទល្មើសសំអាតប្រាក់៕