(តាកែវ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះពង្រឹងភូមិលៀប តំណាងលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ អ្នកខ្វះខាត ចំនួន១១៤គ្រួសារ។

នាឱកាសនោះ លោក ខាន់ ខុន បាននាំការសួរសុខទុក្ខ ពីលោក ឈិត សុខុន និងសំណេះសំណាល ពីជីវភាពការរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្ត ជំរុញឱ្យមានការយកចិត្តទុកដាក់ ខិតខំបន្ថែមទៀត ពីអាណាព្យាបាលសិស្ស ដើម្បីអប់រំជំរុញកូនឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាអ្នកដឹកនាំបន្តវេន ជួយដល់សង្គមជាតិ និងរួបរួមគ្នា រក្សាសុខសន្តិភាព ដើម្បីបង្កើនការអភិវឌ្ឍក្នុងសហគមន៍ សង្គមជាតិគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ខាន់ ខុន បានឧបត្ថម្ភថវិកា ដល់អាជ្ញាធរមូលដ្ឋានចំនួន១៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល និងក្នុងមួយគ្រួសារទទួលបានអំណោយ អង្ករចំនួន ២០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ និងអង្កររូបត្ថម្ភ ចំនួន១៥គីឡូក្រាម។

សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការរបស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈ លោក ខាន់ ខុន ប្រគល់ជូន លោក ឈិត សុខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍៕