(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់ថា ករណីអ្នកបើករថយន្ដម៉ាក Lexus NX200T បុកម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់ដែរនោះ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ បើទោះបីបានសងសំណង់ជំងឺចិត្តចំនួន២៥០០ដុល្លារទៅកាន់ជនរងគ្រោះក្ដី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បានធ្វើដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។

ភាគីរថយន្តម៉ាក ជាជនបង្ក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​)។

ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា២នាក់ ទី១៖ ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២៖ ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ)។

ម្យ៉ាងវិញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វេីការផាកពិន័យ​ចំនួន​២លានរៀល​ តាមមាត្រា១០ថ្មី​ នៃអនុក្រឹត្យលេខ៣៩អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៀតថា «ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហេីយ​កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់»

សូមបញ្ជាក់ថា រាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដេីម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ៕