(កណ្ដាល)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ដែលជាអ្នកជួលដីលោក ពោច សួរ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទ «បើកកន្លែងលេងល្បែងស៊ីសង»។

ជនត្រូវចោទឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា ទីតាំងបនល្បែងមួយនេះ ស្ថិតនៅក្នុងដីឡូត៍របស់លោក ពោច សួរ ក្បែរផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចតារាងបាលទះរបស់ឈ្មោះ ពោច សួរ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណ:ដែលកិច្ចសន្យាជួលដីទើបនឹងត្រូវធ្វើឡើងដោយទទួលពីសំណាក់មេឃុំង្មីៗនេះ ប៉ុន្តែលោកពោច សួរ អះអាងថា គាត់បានជួលឲ្យភាគីផ្សេងតាំងពីខែមករា ឆ្នាំ២០២២៕