(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំសានគរ ស្រុកកំពង់ស្វាយ ដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ដោយការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត និងមានការអនុញ្ញាតពីប្រធានព្រឹទ្ធសភា បានឱ្យលោកស្រីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ដែលមានអ្នកស្ម័គ្រចិត្តសរុបចំនួន ១៦នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន ០៦នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោកស្រីបានពាំនាំនូវការសួរសុខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថាសម្តេចតែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី បាននថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនលោកយាយ លោកតា នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោកស្រីបានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។ ហើយជាការពិតណាស់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ដើម្បីអនាគតល្អយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយនិងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងទាំងអស់គ្នានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត»

ប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសូមជួបតែសេចក្តីសុខកុំបីឃ្លាងឃ្លាតឡើយ៕