(ព្រះវិហារ)៖ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងក្រុមហ៊ុន ខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សិបផ្លាយ ឯ.ក នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំធ្វើពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតផលកសិកម្មក្នុងខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ និងមានការចូលរួមពីលោក តឹក សុភា អគ្គនាយក្រុមហ៊ុន ខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សិបផ្លាយ ឯ.ក លោក នួន ដេ ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងអ្នកពាកព័ន្ធជាច្រើនរូបទៀត។

លោក តឹក សុភា បានថ្លែងថា ក្រុមហ៊ុន ខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សិបផ្លាយ ឯ.ក បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្នុងរូបភាពជាក្រុមហ៊ុនធ្វើលើវិស័យកសិកម្ម ហើយធ្វើការប្រមូលនូវទិន្នផល ក៏ដូចជាផលិតផល កសិកម្ម ពីកសិករដែលជាអ្នកផលិតនៅក្នុងស្រុក។ គោលដៅសំខាន់ដែលក្រុមហ៊ុនបង្កើតឡើងគឺជួយជំរុញសក្តានុពលនៃការផលិតនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើង ក៏ដូចជាបង្កើតការងារ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេសការចំណាកស្រុករបស់កសិករ។

លោកបញ្ជាក់ថា ក្រុមហ៊ុននឹងបង្កើតការងារនៅក្នុងស្រុក ក៏ដូចជាបង្កើតនូវផលិតភាពកសិកម្ម នឹងជំរុញលទ្ធភាពការដាំដុះនៅក្នុងប្រទេសកម្ពុជាយើង។ ការចាប់ដៃគូរជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យនៅថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយ ក៏ដូចជាការចាប់ផ្តើមបើកទំព័រសករាជថ្មីផងដែរសម្រាប់ក្រុមហ៊ុនក្នុងការឈានចាប់យកនូវតំបន់ដែលមានសក្តានុពលសម្រាប់ផលិតនៅស្រូវសរីរាង្គ ក៏ដូចជាផលិតផលមួយចំនួនទៀត មាន ស្វាយចន្ទី ដំឡូងមី និងដំណាំផ្សេងៗ។

លោក តឹក សុភា បានសំណូមពរដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ រួមគ្នាផលិតនូវផលិតផលកសិកម្មដែលមានសុវត្ថិភាព ព្រោះក្រុមហ៊ុនមិនមែនផ្គត់ផ្គង់តែក្នុងស្រុកទេ ក្រុមហ៊ុននឹងនាំទៅទីផ្សារអ៉ឺរ៉ុប និងអារ៉ាប់ទៀតផង។ ក្រុមហ៊ុននឹងអាចបញ្ជាទិញស្រូវសរីរាង្គចន្លោះពី៥០០តោន ទៅ១០០០តោន ២០០០តោន បើសិនជាមានការបញ្ជារទិញពីសហគមន៍អុឺរ៉ុបនិងដៃគូពាណិជ្ជកម្មផ្សេងនៅក្រៅប្រទេស។

ដោយឡែកលោក ពឹង ទ្រីដា បានថ្លែងថា ខេត្តព្រះវិហារមានសហគមកសិកម្មចំនួន៤៣សហគមន៍ ដែលមានសមាជិកជាង១មុឺនគ្រួសារ ផ្តោតសំខាន់ទៅលើស្រូវសរីរាង្គ ស្វាយចន្ទី ដំឡូង សណ្តែកដី និងដំណាំបន្លែមួយចំនួនទៀត។

លោកថា ដំណើរការកិច្ចសន្យា ទិញ លក់ ស្រូវសរីរាង្គនៅខេត្តព្រះវិហារ គិតមកដល់ឆ្នាំនេះមានរយះពេល៦,៧ឆ្នាំហើយ ហើយពួកគាត់មានបទពិសោធខ្ពស់ទាក់ទងនឹងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដោយមានភាពស្មោះត្រង់់ ធ្វើឱ្យដៃគូរមានទំនុកចិត្ត៕