(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កំណើនចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមខែតុលា ឆ្នាំ២០២២ មានចំនួនសរុប ៥៥៦គ្រឿង កើនប្រហែល ១​១៣៥% ប្រៀបធៀបទៅឆ្នាំ២០២១។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតនិងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងកម្ពុជា។

លោក ពៅ ម៉ាលី បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី ដោយមានការ ចូលរួមពីក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន តំណាងអភិបាលនៃគណៈ អភិបាល២៥រាជធានី-ខេត្ត ដៃគូអភិវឌ្ឍរួមមាន៖ អង្គការUNDP ធនាគារពិភពលោក និងវិស័យ ឯកជនដូចជា៖ Car4you, Onion Mobility, Very Words, Total Energy ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការUNESCAP និងSMMR/GIZ។

លោក ពៅ ម៉ាលី បានឱ្យដឹងទៀតថា ថ្មីៗនេះក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី ដែលក្នុងនោះរួមមាន ការលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនី ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។

នាឱកាសនោះដែរ តំណាងដែលបានមកពីអង្គការ UNESCAP បានធ្វើបទបង្ហាញអំពីសកម្មភាពការងាររបស់ខ្លួនទាក់ទងនឹងចល័តភាព (E-mobility) ករណីសិក្សាកន្លងមក និងបទពិសោធន៍សម្រាប់ការរៀបចំចងក្រង សេចក្តីព្រាងគោលនយោបាយនេះផងដែរ។

សូមជម្រាបជូនថា៖ កម្មវិធីសិក្ខាសាលានេះបានរួមបញ្ចូលវគ្គពិភាក្សាលើការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីរៀបចំគោលនយោបាយយានយន្តអគ្គិសនីសម្រាប់កម្ពុជា ចង្វាក់តម្លៃយានយន្តអគ្គិសនី វិធានការណ៍អនុវត្តគោលនយោបាយយានយន្តអគ្គិសនី និងការឆ្លើយកម្រងសំណួរ។ ជាលទ្ធផល អង្គសិក្ខាសាលាបានចូលរួមពិភាក្សាផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅជំរុញឱ្យការរៀបចំចងក្រងសេចក្តីព្រាងគោលនយោបាយនេះមានប្រសិទ្ធភាព ប្រសិទ្ធផល សុក្រឹតភាព និងនិរន្តរភាពក្នុងគោលដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕