(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញមកច្រានចោលព័ត៌មានមិនពិត ដែលប្រឌិតឡើងក្នុងចេតទនាមិនល្អបំពុលសង្គម ពាក់ព័ន្ធករណីជាប់គាំមនុស្សក្នុងផ្សារទំនើបមួយ នៅរាជធានីភ្នំុពេញ ទាំងដែលជាក់ស្ដែង មិនមានករណីជាប់គាំងមនុស្សក្នុងផ្សារទំនើបណាមួយកើតឡើង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងទៀតថា រូបភាពដែលត្រូវបានគេបង្ហោះ ភ្ជាប់ជាមួយខ្លឹមសារជាប់គាំងមនុស្សក្នុងផ្សារទំនើបនោះ គឺជារូបភាពនៅបរទេស មិនមែនរូបភាពផ្សារទំនើបនៅរាជធានីភ្នំពេញនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។ ជាក់ស្តែងរូបភាពនេះ ជារូបភាពនៅបរទេស មិនមែនជារូបភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់»

សូមជម្រាបថា គណនី Facebook មួយបានបង្ហោះនូវរូបភាពបីសន្លឹក ដោយភ្ជាប់ជាមួយខ្លឹមសារថា មានមនុស្សជាប់គាំងក្នុងផ្សារទំនើបនៅរាជធានីភ្នំពេញ ដើម្បីទៅទិញម៉ាស៉ីនត្រជាក់ខ្នាតតូចមួយ៕