(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធចំនួន៣នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ ដើម្បីប្លន់យកម៉ូត១គ្រឿងបានសម្រេច ខណៈពេលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើម៉ូតូ។

លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩៖២៥នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចដីវាលភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ ដឹកនាំដោយលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ។

លោក សាយ ចំរើន បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះទី១៖ ឈ្មោះ នៅ សុីថា អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១, ទី២៖ ឈ្មោះ ប៉ែន ចិន អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣៖ ឈ្មោះ ផាន ភក្ដី អាយុ៣២ឆ្នាំ ទាំង២នាក់នេះ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ សាត បូរី អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសក្បាលធ្ងន់ធ្ងរ។

សមត្ថកិច្ចបានបន្ថែមថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IC-1594 ក្នុងបំណងទៅរកទិញអីហូបនៅតាមផ្លូវ២០០៤។ ប៉ុន្តែពេលជិះទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានឈប់និយាយទូរស័ព្ទ ពេលនោះក៏ត្រូវក្រុមជនសង្ស័យខាងលើ យកកាំបិតបុ័ងតោកាប់ក្បាល ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ រួចបន្ទាប់មកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានដេររបួសឲ្យជាច្រើនថ្នេរ។ ចំណែកនគរបាលបានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញារហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ទើបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

ក្នុងនោះដកហូតយកបានកាំបិតបុ័ងតោ១ និងឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួន ហើយបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ប៉ុស្តិ៍ចោមចៅទី១ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់៕