(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងបញ្ជាក់ថា នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕