(ភ្នំពេញ)៖ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារសហការជាមួយក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក ក្នុងការចុះសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីឧបត្ថម្ភជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋ ចាស់ជរា និងជនពិការភាព ចំនួន១០គ្រួសារ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ និងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពសមធម៌នេះ ក៏មានការចូលរួមពីលោក ញិល លាង សមាជិកអចិន្ត្រៃយ៍ សាខាកាកបាទក្រហមខណ្ឌទួលគោក និងលោក ម៉ែន គឹមងន ប្រធានការិយាល័យប្រជាពលរដ្ឋ និងលោកស្រី ហួត សុខរី ប្រធានស្តីទី (គកសកខណ្ឌ) ផងដែរ តំណាងលោក ជា ពិសី អភិបាលខណ្ឌ។

លោកស្រី អាន ផល្លា ស្ថិតក្នុងសកម្មភាពសមធម៌នេះដែរ បានពាំនាំការផ្ដាំសួរសុខទុក្ខរបស់ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង និងការយកចិត្តទុកដាក់ ជាពិសេសពីសំណាក់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការជុំរុញប្រជាពលរដ្ឋ ឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ ក្រៅពីការតស៊ូ និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ក្នុងកាលៈទេសៈ ដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌ ដែលលោកស្រី អាន ផល្លា និងក្រុមការងារខណ្ឌ-សង្កាត់ បាននាំយកមកចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងជនពិការភាព ទាំង១០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយចំនួន នាពេលនេះ រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកស៉ីអ៉ីវ, ជែលលាងដៃ, ម៉ាស, និងថវិកា ផងដែរ៕