(ភ្នំពេញ)៖ ស្ថានទូតរបស់តួកគី បានប្រារព្ធទិវាកាហ្វេជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរខួប៩ឆ្នាំ ដែលកាហ្វេរបស់ខ្លួន ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការប្រារព្ធទិវាកាហ្វេនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Hyatt Regency។ ពិធីនេះ មានការអញ្ជើញចូលរួមដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន, រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរដ្ឋទូតរុស្ស៉ី ប៉ាគីស្ថាន ប្រ៊ុយណេ ហ្វីលីពីន តំណាងUNESCO និងវិស័យឯកជន សរុបប្រមាណ ១៥រូប។

លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងស្ថាប័ននានា ចំពោះវត្តមានអញ្ជើញចូលរួមប្រារព្ធទិវាកាហ្វេតួកគីនេះ ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាវតា និងអញ្ជើញទស្សនាអំពីរបៀប និងទំនៀមទម្លាប់នៃការរៀបចំកាហ្វេ ជាមួយនឹងឱកាសទទួលទានកាហ្វេតួកគី។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។

សូមជម្រាបជូនថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសម្បូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយគួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី និងអាស៊ែបៃហ្សង់ ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិនាពេលថ្មីៗនេះ៕

http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-30-48-0.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-30-54-1.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-01-2.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-05-3.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-12-4.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-16-5.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-22-6.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-29-7.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-35-8.JPG http://image.freshnewsasia.com/2021/id-022/fn-2022-12-05-21-31-41-9.JPG