(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមីន អតីតប្រធានាធិបតីចិន នៅក្នុងស្ថានទូតចិនប្រចាំនៅកម្ពុជា។

លោក ជាំង ជីមីន អតីតប្រធានាធិបតីចិនមួយរូប ដែលមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងជន្មាយុ៩៦ឆ្នាំ។

ក្នុងពេលចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅក្រាំងមាស ដោយលើកឡើងដូចតទៅ៖

«មរណភាពរបស់ ឯកឧត្តម អតីតប្រធានាធិបតី គឺជាការបាត់​បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។

ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម អតីតប្រធានាធិបតីចិន មិនត្រឹមតែផ្តល់គម្រូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រលាញ់ពីប្រជាជន ក្នុងបញ្ហាប្រទេសនានានៅលើសកលលោកផងដែរ។

ឯកឧត្តម ជាំង ជីមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ របស់ឯកឧត្តម បានផ្តល់សារសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជីមិន រដ្ឋាភិបាល និងប្រចាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំ កិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រលាញ់ជារៀងរហូត»។

លោក ជាំង ជីមីន ជាអតីតប្រធានាធិបតីដែលឡើងជំនួស លោក តេង ស៊ីវភីង។ លោកធ្លាប់មានតំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់៕